Posted Date: 06/05/2023, Modified Date: 06/May/2023, Viewer: 2167165
ខេត្តកោះកុង
ខេត្តកោះកុង (អ.ស.អ.: [kɑh koŋ]) គឺជាខេត្តនៃកម្ពុជា។ ទីរួមខេត្តគឺក្រុងខេមរភូមិន្ទ។ ខេត្តនេះដែលមានក្រុងខេមរភូមិន្ទ ជាទីរួមខេត្ត ស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជា។ ខេត្តកោះកុងមានព្រំប្រទល់ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ កំពត និង ព្រះសីហនុ ខាងត្បូងនិងខាងលិចជាប់នឹងឈូងសមុទ្រថៃ និងមួយផែ្នកនៃ ចង្វាត់ត្រាច (ខេត្តត្រាច)ប្រទេសថៃ។
ប្រវត្តិសាស្ត្រ
មុនសម័យអាណានិគមបារាំង
ចង្វាត់បច្ចន្តគិរីខែត្រ (សៀម៖ ปัจจันตคิรีเขตร) អតីតកាលនៃក្រុងកោះកុង ឬខេមរភូមិន្ទ សៀមបានរឹបអូសមកធ្វើជារបស់ខ្លួនក្នុងសម័យរជ្ជកាលទី៥ ហើយដែលជាខេត្តត្រជាប់ប្រទល់ដែនសមុទ្រ មានភាពសំខាន់ដូចគ្នានឹងចង្វាត់ចន្ទបុរី និងចង្វាត់ត្រាតពីអតីតផងដែរ។ បច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ នៃខេត្តកោះកុងរបស់ប្រទេសកម្ពុជា។ ដែនដីខេត្តនេះ ត្រូវបានធ្លាក់មកជារបស់បារាំង ព្រមជាមួយនឹងផ្នែកខាងស្ដាំទន្លេមេគង្គ គឺខ្វែងជ័យបុរី និងខ្វែងចម្ប៉ាសក្ដិ កាលគ.ស.១៩០៤។
តាំងពីដើមមក កោះកុងគឺជាខេត្តមួយរបស់រាជអាណាចក្រខ្មែរ តែរហូតមកដល់សម័យដែលខ្មែរស្ថិតនៅក្រោមការត្រួតត្រារបស់សៀម ព្រះចៅក្រុងសៀមក៏ព្រះបរមរាជឱង្ការឲ្យតាំងកោះកុងជាផ្នែកមួយរបស់ក្រុងត្រាច។
នៅគ.ស.១៨៥៥ ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ បានមានព្រះបរមរាជឱង្ការឲ្យតាំងកោះកុង ដោយព្រះរាជទាននាមក្រុងនេះថា ក្រុងបច្ចន្តគិរីខែត្រ ដើម្បីឲ្យក្លាយជាក្រុងជាប់សមុទ្ទផ្នែកខាងកើតរបស់សៀម ដោយសារជាក្រុងដែលមានផ្ទៃដីជាប់នឹងប្រទេសកម្ពុជា និងប្រទេសវៀតណាម។
ហេតុដែលរជ្ជកាលទី៤ (ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ) ព្រះរាជទានកោះកុងថា បច្ចន្តគិរីខែត្រ ក៏គឺដើម្បីឲ្យជួននឹងក្រុងប្រជួបគីរីខ័ន្ធ ដែលស្ថិតនៅភាគខាងលិចរបស់ថៃ ហើយដែលក្រុងទាំងពីរនេះ ស្ថិតនៅក្នុងរយៈទទឹងដូចគ្នា។
មកដល់គ.ស.១៨៧៩ ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ ទ្រង់ព្រះករុណាព្រះរាជានុញ្ញាតឲ្យព្រះអង្គម្ចាស់សាយសនិទវង្ស ចាត់តាំងស្ថានីយទាហានជាយដែនសមុទ្ទភាគខាងកើត ឯក្រុងជលបុរី បាងព្រះ ស្រុកបាងលៈមុង ក្រុងរៈយ៉ង ក្រុងក្លែង ក្រុងចន្ទបុរី ស្រុកខ្លុង ក្រុងត្រាច ក្រុងបច្ចន្តគិរីខែត្រ និងកោះសមេតក្រៅ ដើម្បីតទល់នឹងបារាំងតាមដែនសមុទ្ទ។
តមកនៅ គ.ស.១៨៩២ បារាំងចាប់ផ្ដើមប្រើទាហាន បង្ខំថៃដោយលើកកងទ័ពមកដេញទាហានថៃ ឲ្យចេញពីដែនដីផ្នែកខាងឆ្វេងនៃទន្លេមេគង្គ ដែលជាហេតុបណ្ដាលឲ្យជាយដែនថៃ មានបញ្ហាទ្វេរឡើង ហេតុដូចនេះព្រះអង្គក៏ព្រះរាជានុញ្ញាត តែងតាំងកម្មការប្រឹក្សាការពារព្រះរាជអាណាខែត្រឡើង និងចាត់កងបញ្ជាការទ័ពតាមក្រុងដែនសមុទ្ទឡើង។
នៅគ.ស.១៨៩៣ រាជការសៀមបានតែងតាំងឲ្យនាយពលនាវាចត្វា ពញាជលយុទ្ធយោធិន្ទ្រ (André du Plésis de Richelieu) ជាអ្នកចាត់ការការពារព្រះរាជអាណាខែត្រភាគខាងកើត។ ខាងក្រសួងការបរទេសក៏មានបញ្ជាមកចៅហ្វាយខែត្រនៅតំបន់នេះ ដោយរួមទាំងក្រុងបច្ចន្តគិរីខែត្រផង ឲ្យជួយពញាជលយុទ្ធយោធិន្ទ្រចាត់ការគ្រប់យ៉ាងដែលទាក់ទងនឹងការការពារព្រះរាជអាណាខែត្រ។ [២] [៣]
សម័យអាណានិគមបារាំង
នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៨៩៣ មានកើតវិបត្តនៅឯមាត់ទន្លេចៅព្រះញា ទូកចំបាំងរបស់បារាំងបានចូលមកដល់តំបន់ការពាររបស់សៀម និងរហូតដល់ក្រុងទេពមហានគរ (បាងកក)។ បារាំងបានដាក់ឱសានវាទឲ្យថៃបដិបត្តតាមនាថ្ងៃទី២០ កក្កដា ដោយទុកពេលឲ្យ៤៨ម៉ោង ចំណែកឯខាងថៃវិញបានឆ្លើយតបនៅថ្ងៃទី២២ ខែកក្កដា តែមិនបានបំពេញបំណងរបស់បារាំងទេ ហេតុដូចនេះនាថ្ងៃទី២៤ ខែកក្កដា បារាំងក៏បានប្រកាសផ្ដាច់ទំនាក់ទំនងផ្នែកការទូតជាមួយថៃ។ ពីរថ្ងៃក្រោយមកគឺនៅថ្ងៃទី២៦ ខែកក្កដា បារាំងក៏បានបញ្ជូនមេបញ្ជាការជើងទឹក តំបន់ខាងកើតឲ្យព័ទ្ទឡោមឈូងសមុទ្ទថៃ ចាប់តាំងពីហ្លេមចៅលាយ (แหลมเจ้าลาย) រហូតដល់បរិវេណហ្លេមក្របាំង (แหลมกระบัง) និងនៅថ្ងៃទី២៩ ខែកក្កដា បារាំងក៏បានប្រកាសបិទឡោមឈូងសមុទ្ទថៃជាលើកទី២ ដោយពង្រីកបន្ថែមបរិវេណកោះសាម៉េត រហូតដល់ហ្លេមលិង (แหลมลิง) ដែលជាហេតុធ្វើឲ្យថៃត្រូវទទួលយកឱសានវាទរបស់បារាំង។
តែនៅថ្ងៃព្រឹកឡើងបារាំងឆក់ឱកាសកំណត់បញ្ជាបន្ថែមទៀត ដោយប្រកាសរឹបអូសយកប៉ាកណាំ (មាត់ទឹក) និងក្រុងចន្ទបុរីជាឈ្លើយ និងបង្គាប់ឲ្យថៃដកចេញពីផ្នែកខាងឆ្វេងទន្លេមេគង្គថែមទៀត។ ថៃចាំបាច់ត្រូវយល់ព្រមដោយគ្មានវិធីជ្រើសរើស។ នៅពេលដែលថៃបដិបត្តិតាមពាក្យបញ្ជានេះហើយ បារាំងក៏បានដកការព័ទ្ធឈូងសមុទ្ទថៃនៅថ្ងៃទី០៣ ខែសីហា វេលាម៉ោង ១២ ថ្ងៃត្រង់ តែការរឹបអូសយកប៉ាកណាំ និងក្រុងចន្ទបុរីនៅបន្តដដែល។
តមកមានការធ្វើសិទ្ធិសញ្ញាបញ្ឈប់សង្គ្រាមដោយមានសន្ធិសញ្ញាចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ១៨៩៣។ នៅក្នុងសន្ធិសញ្ញានេះមានកំណត់ថា “រដ្ឋបាលបារាំងនិងបាននៅតាំងបន្តនៅក្រុងចន្ទបុរីរហូតការងារទាំងឡាយដែលមានចែងនៅក្នុងសន្ធិសញ្ញានេះត្រូវបានសំរេចរួចរាល់ . . . ”។
បើទោះបីភាគីថៃបដិបត្តតាមចំណុចនានា ដែលបារាំងបង្គាប់បញ្ជាគ្រប់យ៉ាងយ៉ាងណាក្ដី បារាំងក៏នៅមិនព្រមដកទាហាន និងនៅគ្រប់គ្រងក្រុងចន្ទបុរីអស់រយៈពេល១០ឆ្នាំ ដែលជាហេតុតំរូវឲ្យមានធ្វើសន្ធិសញ្ញាថ្មីមួយច្បាប់ទៀត គឺចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៣ ពេលនេះទើបបារាំងដកកំលាំងចេញពីចន្ទបុរី តែបានចូលទៅកាន់កាប់ក្រុងត្រាច (បារាំងហៅថា ក្រាត) និងបណ្ដាកោះទាំងឡាយ នៅភាគខាងត្បូងនៃហ្លេមលិង និងរហូតទៅដល់កោះកុង។ ភាគីថៃចាំបាច់ត្រូវប្រគល់ក្រុងត្រាច និងក្រុងបច្ចន្តគិរីខែត្រឲ្យដល់បារាំង នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩០៤។
តំបន់ទាំងនេះត្រូវធ្លាក់លើការគ្រប់គ្រង របស់បារាំងរហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៦ ទើបមានការឯកភាពធ្វើសន្ធិសញ្ញាមួយច្បាប់ទៀតដែលឲ្យឈ្មោះថា “សន្ធិសញ្ញារវាងសម្ដេចព្រះចៅផែនដីសៀម ជាមួយប្រធានាធិបតីហង់រី-ហ៊្វីលីពបារាំង” បារាំងទើបប្រគល់ក្រុងត្រាចមកថៃវិញ តែភាគីថៃត្រូវបាត់បង់ដែនដីខ្មែរផ្នែកខាងក្នុង (ថៃហៅថាមណ្ឌលបូព៌ា) គឺក្រុងបាត់ដំបង (ថៃហៅព្រះដំបង) សៀមរាប និងសិរីសោភ័ណ (ថៃហៅស៊ីសុផុន) ជាការដោះដូរ តែប្រាកដថាក្រុងបច្ចន្តគិរីខែត្រ (កោះកុង) នេះ បារាំងមិនបានប្រគល់ឲ្យមកថៃវិញទេ។ បច្ចុប្បន្ននេះក្រុងបច្ចន្តគិរីខែត្រ (កោះកុង) បានក្លាយជាផ្នែកមួយនៃប្រទេសកម្ពុជា។
ការបាត់បង់ផែនដីកោះកុងនាសម័យនោះ ប្រវត្តិសាស្ត្រថៃមិនមានចុះអំពីការបាត់បង់ដែនដីកោះកុងទេ ដោយចុះដោយរួមក្នុងករណីដែនដីខេត្តត្រាចប៉ុណ្ណោះ ព្រោះនៅខណៈនោះថៃត្រូវការដែនដីខ្មែរភាគខាងលើខ្លាំងណាស់ គឺដែនដីឦសានខាងត្បូងបច្ចុប្បន្ន (រួមមានអតីតខេត្តខ្មែរមួយចំនួនដូចជា ស្រីស្លាកែត សុរិន្ទ្រ បុរីរម្យ ជាដើម) ដោយមានកំណត់យកភ្នំដងរែក ជាខ្សែកំណត់ខេត្តដែន ដែលបារាំងក៏បានយល់ព្រម។
រជ្ជកាលព្រះស៊ីសុវត្ថិ-មុន្នីវង្ស
ក្នុងរជ្ជកាលព្រះបាទស៊ីវត្ថិមុន្នីវង្ស (១៩២៧‑១៩៤១) ខេត្តកោះកុងជាស្រុកចំណុះខេត្តកំពត ដែល ចៅហ្វាយស្រុកកោះកុង មានងារជា ពិជ័យរឿងឫទ្ធិ។ [៤]
សម័យសង្គមរាស្ត្រនិយម
ការផ្តាច់ចេញពីខេត្តកំពតតាមព្រះរាជក្រមលេខ ៖ ២៤នស ចុះ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ១៩៥៨ នៃគ្រិស្តសករាជ។
ខេត្តកោះកុងត្រូវបានបែងចែកជា ៨ (ស្រុក) រួមមាន ៣៣ ឃុំ [៥] ។
ក្រមស្រុក |
ស្រុក |
ឡាតាំង |
០៩០១ |
បទុមសាគរ |
Botum Sakor |
០៩០២ |
គីរីសាគរ |
Kiri Sakor |
០៩០៣ |
កោះកុង |
Kaôh Kŏng |
០៩០៤ |
ស្មាច់មានជ័យ |
Smach Mean Chey |
០៩០៥ |
មណ្ឌលសីមា |
Mondol Seima |
០៩០៦ |
ស្រែអំបិល |
Srae Ambel |
០៩០៧ |
ថ្មបាំង |
Thmo Bang |
០៩០៨ |
កំពង់សិលា |
Kampong Seila |
សម័យខ្មែរក្រហម
កាលសម័យខ្មែរក្រហម ភូមិភាគបស្ចិម ឬភូមិភាគ៤០១ ភូមិភាគ នេះដឹកនាំដោយជូ-ជេត ហើយរួមមានខេត្តកោះកុង និងខេត្តកំពង់ឆ្នាំងទាំងមូល និងផ្នែកខ្លះនៃខេត្តកំពង់ស្ពឺ។ [៦]
ភូមិសាស្ត្រ
ខេត្តនៅចុងនិរតីបំផុតនៃប្រទេសកម្ពុជា គឺកោះកុងមានខ្សែឆ្នេរសមុទ្រដ៏វែងដែលមិនទាន់បានអភិវឌ្ឍ និង ទីខាងក្នុងព្រៃ ភ្នំ ដែលមិនអាចចូលទៅដល់ដ៏ធំល្វឹងល្វើយហ៊ុំព័ទ្ធដោយផ្នែកនៃជួរភ្នំក្រវាញ ឧទ្យានជាតិដ៏ធំបំផុតរបស់កម្ពុជា គឺឧទ្យានជាតិបទុមសាគរ និងក៏ជាផ្នែកមួយនៃឧទ្យានជាតិគីរីរម្យ។ អ្វីដែលជាភាពទាក់ទាញទេសចរណ៍របស់ខេត្តនេះរួមមានបនល្បែង និង ទឹកធ្លាក់ ខណៈនោះដែរតំបន់នេះក៏ជាតំបន់នាំចេញ ហើយសុខូបត្ថម្ភវត្ថុកំពង់ផែថ្មីៗត្រូវបានគេអភិវឌ្ឍឡើងដើម្បីធ្វើពាណិជ្ជកម្ម។
ការឆ្លងកាត់ព្រំដែន
ខេត្តនេះគឺជាច្រកចេញយ៉ាងពេញនិយមមួយមកកម្ពុជាពី ហាតលេក នៅក្នុងប្រទេសថៃភាគខាងកើត ដោយឡែកដោយសារតែហេតុផល វាជាច្រកចូលដោយផ្ទាល់ទៅកាន់កំពង់ផែ និង រមណីយដ្ឋានឆ្នេរ នៃក្រុងព្រះសីហនុ។ ព្រំប្រទល់នេះស្ថិតនៅចាំយាម ប្រហែល១៤ គម ពីក្រុងខេមរភូមិន្ទ។
ការធ្វើដំណើរទៅកោះកុងជាការធ្វើដំណើរដ៏សប្បាយរីករាយ ដែលស្ពានមួយចំនួនត្រូវបានគេកសាងឡើង ដំណាក់កាលទីមួយនៅឆ្នាំ២០០២។ ភូមិសញ្ញានៃខេត្តកោះកុងអាចបានបង្កើតឡើងដោយសម្ព័ន្ធល.យ.ផ. ស្ពានដែលមិនធ្លាប់មានសាងសង់វែងបំផុតនៅកម្ពុជា ដែលលោកអ្នកនឹងឆ្លងកាត់មានប្រវែង ១ ៩០០ មាត្រ កាត់សមុទ្រភ្ជាប់ក្រុងខេមរភូមិន្ទទៅនឹងរមណីយដ្ឋានកោះកុង និង ទីត្រួតពិនិត្យអន្តរជាតិ។ នៅឆ្នាំ ២០០៧ ផ្លូវជួសជុលថ្មីមួយខ្សែ (ផ្លូវជាតិលេខ៤៨) ត្រូវបានបញ្ចប់បង្ហើយពីទីប្រជុំជនកោះកុងទៅកាន់ស្រែអំបិល តាមបណ្ដោយផ្លូវជាតិពីភ្នំពេញទៅព្រះសីហនុ រួមមានច្រកឆ្លងកាត់ទន្លេ ៤ នៅសល់ដែលស្ពានមួយចំនួនត្រូវបានបើកសម្ពោធនៅខែ ឧសភា ២០០៨ ដែលគឺជាអំណោយរបស់រដ្ឋាភិបាលថៃផ្ដល់មកឱ្យកម្ពុជា។
ស្រុក-ក្រុង (បច្ចុប្បន្ន)
ខេត្តនេះត្រូវបានបែងចែកទៅជា ៧ស្រុក និង ក្រុងមួយ។
ក្រមអ.ម.អ. |
ស្រុក-ក្រុង |
ឡាតាំង |
០៩០១ |
បទុមសាគរ |
Botum Sakor |
០៩០២ |
គីរីសាគរ |
Kiri Sakor |
០៩០៣ |
កោះកុង |
Koh Kong |
០៩០៤ |
ខេមរភូមិន្ទ (អតីតស្រុកស្មាច់មានជ័យ) |
Kamarakpumin |
០៩០៥ |
មណ្ឌលសីមា |
Mondol Seima |
០៩០៦ |
ស្រែអំបិល |
Srae Ambel |
០៩០៧ |
ថ្មបាំង |
Thmar Bang |