Kampot


There is no record.

Posted Date: 06/05/2023, Modified Date: 06/May/2023, Viewer: 1763683

Kampot

ក្រុង​កំពត 

 

ក្រុង​កំពត គឺជាទីរួមរដ្ឋបាលនៃខេត្តកំពត ត្រូវបានប្តូរឈ្មោះពី ស្រុកកំពង់បាយ តាមអនុក្រឹត្យលេខ​ ២២១ អនក្រ.បក នៅខែតុលា ២០០៨ មានផ្ទៃដីចំនួន៥៤០០ហិចតា។ ក្រុងនេះស្ថិតនៅតាមដងព្រែកទឹកឈូ និងមានចម្ងាយ ៥ គ.មពីឈូងសមុទ្រថៃ។ នៅទីនោះមានកន្លែងកំសាន្តច្រើនណាស់ ដូចជា ការទស្សនាអាគារចាស់ៗ រមណីដ្ឋាន ដូចជាភ្នំបូកគោ រមណីយទឹកឈូ វារីអគ្គីសនីភ្នំកំចាយ ឆ្នេរព្រៃក្រុងកំពត និងកន្លែងដែលមានទឹកធ្លាក់ជាច្រើនក្នុងក្រុងកំពត។

សាលាខេត្តកំពតបានរៀបចំហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរដើម្បី​​​​​​​​ ជាប្រយោជន៏ដល់ប្រជាជនដែលរស់នៅ ក្នុងក្រុងកំពតមានការងារធ្វើច្រើន និងមានជីវភាពធូរធារស្របតាមយុត្តិសាស្រ្ត របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។​​ ម៉្យាងទៀតកំពតក៏ជា ក្រុងមួយដែលមានសក្តានុពល ផ្នែកសេដ្ឋកិច្ចផងដែរ ព្រោះវាជាក្រុងដែលស្ថិតនៅជិតសមុទ្រ ដូច្នេះទើបក្រុងនេះ មានប្រជាជនកុះករ ដោយសារភាពងាយស្រួលក្នុងការរស់នៅ​​​ និងការប្រកបរបរចិញ្ចឹមជីវិតមានដូចជា នេសាទត្រី ធ្វើស្រែចំការ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំបន្លែ កម្មករសំណង់ ធ្វើឡួរ​ ធ្វើការរដ្ឋ និងមានការងារច្រើនផ្សេងពីនេះថែមទៀត។


បច្ចុប្បន្ននេះ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពត មានក្តីរីករាយ ព្រោះទំនប់វារីអគ្គីសនី ដែលនៅលើភ្នំកំចាយ បានបើកដំនើរការទំនប់វារីអគ្គីសនីនេះ និង អាចជូយសន្សំថវិការរបស់ប្រជាជនបានមួយចំណែកផងដែរ ដោយវាមានតំលៃថោកជាងមុនបន្តិច។ នៅថ្ងៃអនាគតទំនប់នេះ នឹងក្លាយជាកន្លែងទេសចរណ៍ ដែលមានសម្រស់ស្រស់ស្អាត ហើយជាទំនប់ទឹកដ៏ធំដែលស្ថិតនៅ កណ្ដាលជន្លោងភ្នំ ដែលអាចនឹងទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានរហូតដល់រាប់រយនាក់ឬ ច្រើនជាងនេះ ពីព្រោះទំនប់នេះមានសម្រស់ស្រស់ត្រកាល ដោយសារព្រៃព្រឹក្សាលតាវល្លឹកពណ៌ខៀវស្រងាត់ បើនិយាយពីកម្ពស់វិញ គឺវាមានលក្ខណខ្ពស់ធំត្រដែតផុតកន្ទុយភ្នែក គឺ ១០០ម ពីផ្ទៃក្រោមទៅផ្ទៃលើ ហើយទទឹងវិញមានប្រវែងរាប់រយម៉ែត បើសិន​មើលឡើងទៅគួរឲ្យព្រួចរន្ធត់ ហើយមិនត្រឹមតែប៉ុណ្ណោះ នៅមានទិដ្ឋភាពជាច្រើនទៀតដូចជាៈ ការថតរូបអំពីទំនប់ ការថតរូបរូងភ្នំ ការថតហ្វូងសត្វ ការថតទេសភាពភ្នំ ព្រៃព្រឹក្សានតាវល្លឹ ហើយនិងការស្ទូងត្រីលេងកំសាន្តជាដើម។

បើសិនជាអ្នកចុះមកក្រោមប្រហែល ១​គម មានកន្លែងមួយ ដែលគេឲ្យឈ្មោះថា រមណីយដ្ឋានទឹកឈូ នៅមិនឆ្ងាយប៉ុន្មានពីទំនប់វារីអគ្គីសនី ហើយមនុស្សដែលរស់តំបន់នោះភាគច្រើនជាអ្នកធ្វើចំការ លក់ម្ហូបអាហារក្នុងរមណីយដ្ឋាន និងអាចកាប់ឈើនៅលើភ្នំ នាំឲ្យប្រជាជននៅមានជីវភាពធូធារគួរសម។​


ប្រវត្តិសាស្រ្ត

ក្រោមអំណាចនៃសហភាពឥណ្ឌូចិន កំពតបានក្លាយជាមជ្ឈមណ្ឌលរដ្ឋបាលតំបន់ និងកំពង់ផែពាណិជ្ជកម្មធំមួយនៅសតវត្សទី ១៩ នៅពេលដែលកម្ពុជា បាត់បង់ការគ្រប់គ្រងអំណាចនៅតាមតំបន់ដីសណ្ដទន្លេមេគង្គ ឬខ្មែរក្រោម ហើយកូសាំងស៊ីន បានបិទកំពង់ផែព្រៃនគរ មិនឲ្យនាវាគ្រប់ប្រភេទចូលចត។ ​​​មណ្ឌលរ៉េស៊ីដង់នៅកំពត ចែកជា ៣ អារ៉ងឌីម៉ង់គឺ កំពត កំពង់សោម និងគងពិសី​​​​​​​​។​​​

 

តាមជំរឿនរបស់បារាំងនៅឆ្នាំ ១៨៨៩ បានបង្ហាញថាក្រុងកំពត មានជនជាតិខ្មែររស់នៅប្រមូលផ្តុំ​ នៅតាមដងព្រែកកំពត ហើយជនជាតិចិនភាគច្រើន រស់នៅខាងឆ្វេងដងព្រែកធំ ហើយគេសង្កេតឃើញនៅក្បែរនោះ មានជនជាតិវៀតណាមរស់នៅក្នុងភូមិមួយហៅថា ទៀនថាញ់ និងនៅលើកោះត្រើយកោះ​​​​​​​​។​​​ ជនជាតិម៉ាលេមួយចំនួនក៏រស់នៅលើកោះនោះដែរ​​​​​​​​។​​​

ទេសចរណ៍

 

ឧទ្យានជាតិព្រះមុនីវង្សបូកគោ (ភ្នំបូកគោ)

 

មាន​ចម្ងាយ​ប្រមាណ​៤២​គីឡូ​ម៉ែត្រ​ ពីទី​រួម​ខេត្ត​កំពត​ឆ្ពោះ​ទៅ​ភាគ​ខាង​លិច​។ នៅ​លើ​កំពូល​ភ្នំ​មាន​កាស៊ីណូ​មួយ​កសាង​ឡើង​ក្នុង​ជំនាន់​អាណានិគម​បារាំង ​សម្រាប់​ពួក​គេ​មក​កំសាន្ត​លេង​នៅ​គ្រប់​រដូវ​។ ​ក្រៅ​ពីនោះ​នៅ​មាន​ទី​វត្ត​អារាម​ដែល​មាន​ឈ្មោះ​ថា​ វត្ត​សំពៅប្រាំ​ យក​តាម​លំនាំ​រូប​ផ្ទាំង​ថ្ម​នៅ​ទីនោះ​​ មាន​រាង​ដូច​សំពៅ​ចំនួន​ប្រាំ​។ ​នៅ​ទីនោះ​គេ​ក៏​អាច​គយគន់​នូវ​ទស្សនីយភាព​ធម្មជាតិ ​ដែល​ស្ទើរ​តែ​មិន​អាច​ដក​ចិត្ត​បាន​នោះ​គឺ ​ជ្រលង​ជ្រោះ​សែន​ជ្រៅ ​ប្រកប​ដោយ​ព្រៃឈើ​ខៀវ​ស្រងាត់​មាន​ពពក​បាំង​តិច​ៗ​ផង​។ ​ក្រៅពី​ការ​ទស្សនា​សំនង់​អគារ​ប្រវត្តិសាស្ត្រ​រួច​ហើយ​ ទេសចរ​អាច​ទៅ​កំសាន្ត​ជាមួយ​នឹង​ធម្មជាតិ​វិញម្ដង​គឺ ​ទឹកជ្រោះ​ដ៏​សែន​ត្រជាក់​៣​ថ្នាក់ ​និង​តំបន់​ពពក​វិល​ ដែល​មាន​អាកាសធាតុ​ត្រជាក់​ខួប​ប្រាំង​ខួប​វស្សា​ មាន​ពពក​ផាត់​ទៅ​ផាត់​មក​។ កាលពីមុន បូកគោ​ជា​ទី​កន្លែង​សំរាប់​សំរាក​លំហែ​កាយ​ របស់​ពួក​អាណានិគម​បារាំង ​ក្នុង​ការ​ផ្លាស់​ប្តូរ​ធាតុអាកាស​នៃ​តំបន់​វាលរាប ​ទី​តំបន់​កំពូល​ភ្នំ​នា​ឆ្នេរសមុទ្រ។ ភ្នំបូកគោមានកំពស់ ១០៧៥​ម៉ែត្រ ធាតុអាកាសនៅទីនោះមានភាពត្រជាក់បង្គួរ រុក្ខជាតិទាំងទ្បាយមានភាពរីកស្រស់គ្រប់ពេលវេលាព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អៗ ដូច​ជា​មាន​ផ្ទាំង​ថ្មដា​ធំៗ​ជា​ច្រើន​ឥតគណនា ​នៅ​រាយប៉ាយ​ក្រោម​ដើម​រុក្ខជាតិ ខ្លះ​នៅ​កណ្តាល​វាល ខ្លះ​ទៀត​មើល​ទៅ ​មាន​រាង​ដូចជា​រូបសត្វ​ផ្សេងៗ ឬ ជារាងសំពៅ​ . . . ។ បើយើងឡើងមើលពី​កំពូល​ភ្នំបូកគោ គេ​អាច​មើល​ឃើញ​នូវទិដ្ឋភាពអស្ចារ្យជាច្រើនដូចជា ផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ធំល្ហល្ហេវជាប់ជើងមេឃ និង រុក្ខជាតិពណ៌ខៀវស្រងាត់។ បើនិយាយពីភ្ញៀវទេសចរដែលមកទស្សនាកំសាន្តនៅទីនេះ គឺមកពីជុំវិញពិភពលោកទាំងអស់។ នៅតាមផ្លូវឡើងទៅកាន់កំពូលភ្នំបូកគោគឺ ផ្លូវមានលក្ខណៈស្រស់ស្អាត មានរុក្ខជាតិពណ៌បៃតងស្រស់បំព្រង់រហូតដល់កំពូលភ្នំតែម្ដង មិនតែប៉ុណ្តោះ នៅពេលធ្វើដំណើរឡើងទៅកាន់កំពូលភ្នំនោះ យើងអាចឃើញ ហ្វូងបក្សាបក្សី សត្វស្វា ហើយនឺងសត្វព្រៃផ្សេងៗទៀត។ ពេលទៅដល់កំពូលភ្នំ យើងនឹងឃើញកាស៊ីណូមួយ ដែលមានអាយុច្រើនឆ្នាំប៉ុន្តែវានៅមានសភាពរឹងមាំដដែល ហើយយើងអាចស្រូយយកខ្យល់ដ៏បរិសុទ្ធនៅភ្នំកំពូលភ្នំនោះ។ យើងអាចថតរូបភាពជាច្រើនដូចជាៈ ផ្ទៃសមុទ្រ កាស៊ីណូដែលមានអាយុកាលរយឆ្នាំ សណ្ឋាគារដែលមានស្រស់ស្អាត និង​ទេសភាពរុក្ខស្រស់ស្អាត ជាច្រើ់នទៀតដែលមាននៅលើនោះ។

 

រមណីយដ្ឋាន​ទឹកឈូ

ជា​រមណីយដ្ឋាន​ ធម្មជាតិ​មួយ​ ​ដែល​មាន​ចម្ងាយ​៨​គីឡូ​ម៉ែត្រ​ ពីទីរួម​ខេត្ត​។ ​តំបន់​នេះ​មាន​ទឹកធ្លាក់​តាម​ជ្រលង​ភ្នំ​កំចាយ​រហូត​ដល់​ទីរួម​ខេត្ត​កំពត ​ដែល​ជា​ប្រភព​ទឹកសាប​យ៉ាង​សំខាន់ ​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ទីរួម​ខេត្ត​។ ​ទឹកធ្លាក់​ថ្លា​ឈ្វេង​មើល​ឃើញ​បាត​ដីហូរ​រេញ​ៗ ​ពេល​ខ្លះ​ហូរ​ខ្លាំង​កាត់​ផ្ទាំង​ថ្មដា​ធំ​ៗ ​បែក​ផ្កាត្រែង ​គេ​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្ទៃទឹក​បាន​តាម​រយៈ​ស្ពាន​យោល​មួយ​ខ្សែ​ ដែល​សន្ធឹង​ខ្លួន​រង់ចាំ​ទទួល​ទេសចរណ៍​។ ​ក្រៅពី​ការ​ងូត​ទឹក​កំសាន្ត​ គេក៏​អាច​គយគន់​នូវ​ទេសភាព​ចម្ការ​ដំណាំ​ហូប​ផ្លែ​ របស់​ប្រជាពលរដ្ឋ​ នៅ​អម​សង​ខាង​ទឹកធ្លាក់​នោះ​ផងដែរ ​ជាពិសេស ​ចម្ការ​ធូរេន​ដ៏​ល្បីល្បាញ​របស់​ខេត្ត​នេះ​។ ​មិន​ឆ្ងាយ​ពី​ទីនេះ​ប៉ុន្មាន ​សួន​សត្វ ​និង​ សួន​ដំណាំ​ទឹកឈូ​បាន​កំពុង​អន្ទង​អារម្មណ៍​អ្នក​ទស្សនា​ ឱ្យ​ឈាន​ជើង​ចេញ​មិនរួច ក្រោយ​ពី​ត្រលប់​ពី​កំសាន្ត​នៅ​ទឹកធ្លាក់​ហើយ​នោះ​។ ​គេ​តែង​ឈៀងចូល​ទៅ​មើល​សត្វ​ប្លែក​ៗ ​ច្រើន​ប្រភេទ​រួមទាំង​ទទួល​អារម្មណ៍​ស្រស់ថ្លា​ជាមួយ​ចម្ការ​ដំណាំ​ផ្លែឈើ​ មាន​ដូចជា​ ធូរេន​ សាវម៉ាវ ​មង្ឃុត ​ជាដើម​។

កសិកម្ម

 

ស្រូវ​គឺ​ជា​ទិន្នផល​កសិកម្ម​ចម្បង​សម្រាប់​ក្រុងកំពត។ ដី​រាប់រយហិចតាត្រូវ​បាន​រក្សា​ទុក​សម្រាប់​ដាំស្រូវ​ដោយ​មាន​ទិន្នផល​ជា​មធ្យម​ ​ចំនួន​ច្រើន​តោន​ក្នុង​មួយ​ហិចតា​នៅ​រដូវ​វស្សា​ ។ ផ្លែឈើក៏ជាដំណាំសំខាន់នៅក្នុងក្រុងកំពតផងដែរ ។ ជាពិសេសទុរេន ដំណាំម្រេច ស្វាយ ដូង​ ហើយនឹងដំណាំហូបផ្លែជាច្រើនទៀតផងដែរ។ ម្រេចក្រុងកំពត ទទួលបានការគាំទ្រច្រើនផងដែរ ពីសំណាក់មនុស្សជាច្រើនជុំវិញប្រទេស និងពិភពលោក។ បច្ចុប្បន្ននេះ ម្រេចខ្មៅ ក្រុងកំពត ត្រូវបានគេប្រទះឃើញប្រើប្រាស់នៅតាមភោជនីយដ្ឋានធំៗនៅអឺរ៉ុប។ ចំការម្រេចនៅក្រុងកំពត ផ្តល់ទិន្នផលរហូតដល់បានច្រើនតោនក្នុងមួយហិចតា។ បន្លែត្រូវបានដាំនៅលើផ្ទៃដីច្រើនហិចតាផងដែល ហើយផ្គត់ផ្គង់ដល់រាជាធានីភ្នំពេញ។ ការនេសាទ និងការដាំសារាយសមុទ្រក៏មានសារៈសំខាន់ចំពោះ សេដ្ឋកិច្ចក្រុងផងដែរ។ ក្រុងកំពតនាពេលបច្ចុប្បន្ននេះក៏មានការចិញ្ចឹមសត្វ មាន់ ទា គោ ក្របី សេះ ហើយនិងការចិញឹមត្រីជាលក្ខណៈគ្រួសារទៀតផង ។​ ទុរេនក្រុងកំពត ត្រូវបានគេដាំដុះនៅតំបន់ខ្ពង់រាប ជាពិសេសនៅតំបន់ទឹកឈូ។ ប្រជាជនក្រុងកំពត ក៏ប្រសព្វណាស់ដែរក្នុងការចិញ្ចឹមសត្វសំរាប់បម្រើវិស័យកសិកម្ម និងសំរាប់លក់ផលិតផលនៅលើទីផ្សារផងដែរ។ ទុរេនគឺជាផ្លែឈើហូបផ្លែដែលមានរស់ជាតិឆ្ងាញ់ពិសា តំលៃថ្លៃជាងផ្លែឈើផ្សេងៗទៀតនៅក្នុងក្រុងកំពត​ ហើយវាមានច្រើនជាងគេ គឺនៅតំបន់ទឹកឈូ។

 

រដ្ឋបាលក្រុង

ក្រុងកំពត (អង់គ្លេសKampot Municipality) ស្ថិតនៅ ខេត្តកំពត មាន ០៥សង្កាត់ និង ១៥ភូមិ៖

 

ក្រុងកំពត

លេខកូដសង្កាត់

ឈ្មោះសង្កាត់ជាអក្សរខ្មែរ

ឈ្មោះសង្កាត់ជាអក្សរឡាតាំង

ចំនួនសង្កាត់

០៧០៨០១

សង្កាត់កំពង់កណ្ដាល

Sangkat Kampong Kandal​​

០៧០៨០២

សង្កាត់ក្រាំងអំពិល

Sangkat Krang Ampil

០៧០៨០៣

សង្កាត់កំពង់បាយ

Sangkat Kampong Bay

០៧០៨០៤

សង្កាត់អណ្ដូងខ្មែរ

Sangkat Andoung Khmer

០៧០៨០៥

សង្កាត់ត្រើយកោះ

Sangkat Traeuy Kaoh

ចំនួនសង្កាត់សរុប

១៥

 

ឯកសាររដ្ឋបាលក្រុងចាស់

 

ក្រុងកំពត ត្រូវបានចែកជា ៥ សង្កាត់ និង ១៥ ភូមិ៖

 

ធនាគារជាតិ សាខាក្រុងកំពត

 

សង្កាត់

ភូមិ

កំពង់កណ្តាល

២: សុវណ្ណសាគរ និង១ឧសភា

ក្រាំងអំពិល

២: ក្រាំង និងស្វាយធំ

កំពង់បាយ

២: កំពង់បាយខាងជើង និងកំពង់បាយខាងត្បូង

អណ្ដូងខ្មែរ

៥: ទ្វីខាងជើង ទ្វីខាងត្បូង អូតូច អណ្ដូងខ្មែរ និងតាជិប

ត្រើយកោះ

៤: ដូនតោក តាអង្គ បឹងតាព្រាម និងស្រែ