Kampong Thom


There is no record.

Posted Date: 06/05/2023, Modified Date: 06/May/2023, Viewer: 1841763

Kampong Thom

កំពង់ធំ

 

កំពង់ធំ (អ.ស.អ.: [kɑmpɔːŋ tʰom]) គឺជាខេត្តមួយក្នុងប្រទេសកម្ពុជា ។ វាមានព្រំប្រទល់ជាប់ ខេត្តសៀមរាប នៅភាគពាយព្យ ព្រះវិហារ នៅភាគខាងជើង ស្ទឹងត្រែង នៅភាគឦសាន ក្រចេះ នៅខាងកើត កំពង់ចាម កំពង់ឆ្នាំង នៅខាងត្បូង និង បឹងទន្លេសាប នៅភាគខាងលិច។ ខេត្តកំពង់ធំ មានទីរួមខេត្ត ឈ្មោះក្រុងស្ទឹងសែន ដែលជាទីក្រុងមួយដែលមានប្រជាជន ៣០,០០០​នាក់ មានទេសភាពដ៏ល្អប្រណីត គួរអោយចាប់ចិត្ត ស្ថិតនៅតាម​បណ្តោយ នៃច្រាំងដងស្ទឹងសែន។ កំពង់ធំ គឺជាខេត្តមួយ ដែលស្ថិតនៅចំកណ្តាល ផ្ទៃប្រទេសកម្ពុជា។ ខេត្តនេះ មានផ្ទៃដីសរុប ១៣,៨១៤ សហាតិមាត្រការ៉េ ហើយបែងចែកជា​ ៨ ស្រុក-ក្រុង, ៨១ ឃុំ-សង្កាត់ និង ៧៣៤ ភូមិ[២]។ ខេត្តកំពង់ធំ ជាខេត្តមានផ្ទៃដីធំទី២ នៅក្នុងប្រទេសកម្ពុជា។ ក្រុមប្រាសាទសំបូរព្រៃគុហ៍ ដែលសរុបមានប្រមាណជិតពីររយប្រាសាទផ្សេងទៀត មានសារៈសំខាន់ណាស់ សម្រាប់ការសិក្សាអំពីអារ្យធម៌ខ្មែរ មុនសម័យអង្គរ។ ក្រុមប្រាសាទទាំងនេះ មានការទាក់ទាញទេសចរណ៍ និង អ្នកស្រាវជ្រាវ ដូចជាប្រាសាទដទៃទៀត ក្នុងតំបន់អង្គរដែរ ហើយដែលត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលបានទៅ​ទស្សនាផ្ទាល់។ មានស្ថានីយ៍បុរាណសម័យអង្គរ គួរឱ្យចាប់អារម្មណ៍ ជាច្រើនក្នុងតំបន់នេះ រួមមានប្រាសាទសំបូរព្រៃគុហ៍ និង ប្រាសាទអណ្ដែត។ ជាពិសេស នៅពេលបានទៅកំសាន្តហើយៗ បានស្នាក់នៅ ១ យប់ ឬ ២យប់ ជាមួយប្រជាជននៅទីនោះ ជាពិសេសនៅភូមិកំពង់ឈើទាល នាមាត់ស្ទឹងសែន។ នោះគឺ ផ្ទះស្នាក់ របស់សហគមន៍នៅទីនោះ។ ខេត្តនេះ មានបណ្តាញផ្លូវជាតិលេខ៦ ភ្ជាប់ពី ក្រុងភ្នំពេញ ទៅខេត្តសៀមរាប ហើយ មានផ្លូវបំបែកទៅ ខេត្តព្រះវិហារ តាមរយៈផ្លូវជាតិលេខ៦៤ ដែលមានចម្ងាយ ១២៦​សហាតិមាត្រ។ ខេត្តកំពង់ធំ ជាខេត្តមួយផងដែរ ដែលសំបូរទៅដោយសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ដូចជាការកម្រនិងអសកម្មបឹង, ទន្លេ, ព្រៃភ្នំ និងប្រាសាទបុរាណ ចំនួនជាង 200 ។ ក៏ជាខេត្តមួយ ក្នុងចំណោមខេត្តទាំងប្រាំបួន ដែលមានព្រំប្រទល់ជាប់បឹងទន្លេសាបដែរ កំពង់ធំ ជាប៉ែកនៃឋបនីយដ្ឋានជីវមណ្ឌលបឹងទន្លេសាប។[៣]

 

ប្រវត្តិ

 

កំពង់ពស់ធំ ជាឈ្មោះដើមកំណើតនៃខេត្តកំពង់ធំ នាពេលបច្ចុប្បន្ននេះ ដែលគេហៅថា កំពង់ធំ។ ពីដើម ជាយូរយារណាស់មកហើយ នៅឯកំពង់ស្ទឹងសែន ដែលស្ថិតនៅក្បែរនឹងបឹងមួយ គឺមានរូងថ្មមួយយ៉ាងធំ ដែលក្នុងនោះ មានសត្វពស់មួយគូរស់នៅទីនោះ។ ប្រជាជនដែលរស់នៅក្បែរៗតំបន់នោះ​ បានឃើញពស់ដ៏ធំនោះ​ ជាញឹកញយ នៅពេលមានថ្ងៃសីលម្តងៗ។ ពេលវេលាក្រោយមក សត្វពស់នោះ ក៏បានបាត់ខ្លួន ហើយមនុស្សម្នារស់នៅតំបន់នោះ បានហៅតំបន់នោះថា កំពង់ពស់ធំ។ ពេលក្រោយមក ពាក្យគេនិយាយកាត់ខ្លីក្លាយជា កំពង់ធំ។​ អំឡុងពេល មានពួកអាណានិគមនិយមបារាំង ត្រួតត្រាលើ​ ប្រទេសកម្ពុជាមក ច្បាប់បារាំង​ ហើយនិងទឹកដី ប្រទេសកម្ពុជា ត្រូវបានបែងចែកជា ព្រំប្រទល់ខេត្តនានា ហើយបានដាក់ឈ្មោះខេត្ត ដែលប្រជាជនរស់នៅក្បែរនោះ ធ្លាប់បានហៅពីមុនមក។ កំពង់ធំជារាជធានីមួយ ដែលមានអំណាចលើសគេ​ នៅភាគអាស៊ីអាគ្នេយ៍ នៅសម័យនគរភ្នំ។ កំពង់ធំមាន ប្រាសាទសំបូរព្រៃគុក ដែលជាកន្លែងល្បីល្បាញនៅ​ សម័យចេនឡា។

 

ភូមិសាស្រ្តភូមិឬស្សីជៈឃុំត្បែងស្រុកកំពង់ស្វាយខេត្តកំពង់ធំ

 

ខេត្តកំពង់ធំបែងចែកជាពីរតំបន់៖

 

ភាគខាងជើងផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយផ្ទៃដីខ្ពង់រាប និងព្រៃឈើប្រមាណ ៧០ ភាគរយ ហើយអាកាសធាតុ ផ្តល់ផលល្អសម្រាប់របរកសិកម្មនានា ដូចជាការធ្វើស្រែចម្ការ ហើយរុក្ខសាស្រ្ត​ និង សត្វពាហនៈ គឺអោយទិន្នផលល្អ។

 

ភាគខាងលិចផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយតំបន់វាលរាប ដែលលាតសន្ធឹងទៅដល់ បឹងទន្លេសាប។ នៅតំបន់នេះ អាកាសធាតុផ្តល់ផលល្អ សម្រាប់របរកសិកម្ម និងនេសាទត្រី ដើម្បីបំពេញតម្រូវការ នៅតាមខេត្ត និងការនាំចេញទៅក្រៅប្រទេសជិតខាងផងដែរ។

 

ពីរក្នុងចំណោមតំបន់ស្នូលទាំងបី នៅក្នុងឋបនីយដ្ឋានជីវមណ្ឌលទន្លេសាប ស្ថិតនៅកំពង់ធំ។

 

បឹងឆ្មារ (១៤,៥៦០ ហិកតា) និង

ស្ទឹងសែន (៦,៣៥៥ ហិកតា)។[៤]

 

បឹងទន្លេសាប

 

ខាងលិចនៃផ្នែកមួយនៃផ្លូវជាតិលេខ ៦ គ្របដណ្តប់ 30% ផ្ទៃធម្មតានេះ គឺជាតំបន់ពង្រីកទៅដល់បឹងទន្លេសាប។ តំបន់នេះគឺជាការល្អ សម្រាប់ការដាំដុះស្រូវ និងការនេសាទត្រី សម្រាប់គាំទ្រដល់តម្រូវការនៃខេត្តនេះ និងនាំចេញទៅទៀត។

 

តំបន់ទេសចរណ៍

 

ខេត្តកំពង់ធំ មានតំបន់ទេសចរណ៍ ជាច្រើនកន្លែង ដែលមានភ្ញៀវទេសចរណ៍ ទៅដើរកំសាន្តសំខាន់ៗចំនួន ៣ កន្លែង ដូចជា:

 

ភ្នំសន្ទុក

 

ភ្នំសន្ទុក ស្ថិតនៅក្នុង ភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និងមានចម្ងាយ ១៧ គម ពីទីរួមខេត្តកំពង់ធំ តាមបណ្តោយ ផ្លូវជាតិលេខ៦ ដែលជាតំបន់ទេសចរណ៍ ធម្មជាតិ និងវប្បធម៌ មួយកន្លែង ស្ថិតក្នុងខេត្តនេះ។ នៅពេលមានពិធីបុណ្យផ្សេងៗ និងថ្ងៃឈប់សម្រាកនានា ប្រជាជនតែងតែនាំគ្នាទៅ ដើរកំសាន្តនៅទីនោះ លក្ខណៈជាក្រុមគ្រួសារ ឬមិត្តភក្ដិ។ ដើម្បីធ្វើដំណើរទៅកាន់ភ្នំសន្ទុក យើងត្រូវធ្វើដំណើរ​ចុះពីថ្នល់ជាតិបន្តិច តាមក្លោងទ្វាររហូតដល់ជើងភ្នំ ដោយមានទេសភាពស្រស់ត្រកាលអមដងផ្លូវ។ ពេលមកដល់ជើងភ្នំ យើងនឹងមើលឃើញទេសភាពដ៍ស្រស់បំព្រង នៅជាប់នឹងជើងភ្នំ ហើយអាចឡើងទៅលើកំពូលភ្នំ បានតាម២របៀប។ របៀបទី១ យើងអាច ធ្វើ​ដំណើរដោយបើកបរយានយន្ត ឬ ម៉ូតូឡើងតាមផ្លូវដែលក្រវិចក្រវៀន តាមចង្កេះភ្នំ រហូតដល់កំពូលភ្នំ តាមរយៈ ថ្នល់ចាក់បេតុងយ៉ាងមាំ និងមានចំណតយានយន្ត យ៉ាងធំទូលាយសម្រាប់ចត។ របៀបទី២ យើងអាចឡើងទៅលើកំពូលភ្នំបាន តាមរយៈកាំជណ្តើរពីជើងភ្នំ ដល់កំពូលភ្នំ ដែលមានកាំជណ្តើរសរុប ៨០៩​ កាំ ហើយកាំជណ្តើរខ្លះទាប កាំជណ្តើរខ្លះខ្ពស់តាមកន្លែង និងមានបង្កាន់ដៃអមតាមផ្លូវ។ ពេលឡើងដល់កំពូលភ្នំ យើងនឹងពើបប្រទះ ព្រះវិហារ១ នៅជាប់មាត់កាំជណ្តើរ អាស្រមអ្នកតាថ្មអណ្តែត ហើយអាចមើលឃើញ ទេសភាពយ៉ាងស្អាតនៅជុំវិញ ខ្លួនយើងពីលើកំពូលភ្នំមកមាន វាលស្រែព្រៃឈើពណ៌បៃតង លំនៅស្ថានប្រជាជន ទឹកទន្លេ ស្ទឹង បឹងបួរ ផ្ទៃមេឃខៀវស្រងាត់ រួមជាមួយខ្យល់អាកាសបរិសុទ្ធ ធម្មជាតិ ទៀតផង។​[៧]

 

ប្រាសាទសំបូរព្រៃគុហ៍ (ប្រាសាទយាយព័ន្ធ)ប្រាសាទមួយនៃ ប្រាសាទសំបូរព្រៃគុក


ប្រាសាទសំបូរព្រៃគុហ៍ ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ចម្ងាយប្រមាណ ៣៥ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំដែលសង់លើដី រាបស្មើមានទំហំ ៣,០០០ ហិកតា និងជារមណីយដ្ឋាន ទេសចរណ៍វប្បធម៌បុរាណ មួយកន្លែងនៅខេត្តនេះ។ ប្រាសាទនេះសង់ពីថ្មបាយកៀ្រម ឥដ្ឋតាន់ និងថ្មភក់ ក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័ន (គ.ស. ៦១៦-៦៣៥) នាសម័យចេនឡា ដើម្បីឧទ្ទិសថ្វាយ ព្រះសិវៈក្នុងលទ្ធិព្រហ្មញ្ញសាសនា។ ប្រាសាទសំបូរព្រៃគុហ៍ នេះមានប្រាសាទប្រហែលជាង ១២០ ប្រាសាទ ស្ថិតនៅជាក្រុម។ ​ប្រាសាទនេះមានក្រុមប្រាសាទ ដូចជា ក្រុមប្រាសាទតោ ក្រុមប្រាសាទយាយព័ន្ធ ប្រាសាទបិទមុខ . . . ។​ ប្រាសាទនេះក៏មានលក្ខណៈដូចប្រាសាទដទៃទៀត នៅប្រទេសកម្ពុជាដែរ វាមានកំពែងព័ទ្ធជុំវិញ មានស្រះទឹក មានកន្លែងបូជាផ្សេងៗ និងនៅព័ទ្ធជុំវិញប្រាសាទមាន ដើមឈើតូចធំ រុក្ខជាតិ​ សត្វផ្សេងៗ គួរអោយចាប់អារម្មណ៍​។ ម្យ៉ាងវិញទៀត ប្រាសាទសំបូរព្រៃគុហ៍ បានទាក់ទាញភ្ញៀវទេសចរណ៍ បរទេស និងក្នុងស្រុកជាច្រើន អោយមកទស្សនាកំសាន្ត ដែលជាហេតុជួយបង្កើនកម្រិតជីវភាពប្រជាជនរស់នៅតាមតំបន់នោះ និងជួយផ្សព្វផ្សាយនូវវប្បធម៌ របស់ខ្មែរអោយកាន់តែច្រើន ទៀតផង។ ប្រាសាទសំបូរព្រៃគុក ក៏ជួយចូលរួមចំណែកក្នុងការ អភិវឌ្ឍប្រទេសជាតិ ក្នុងគ្រប់រូបភាពផងដែរ​។[៨]

 

បន្ទាប់ពីការធ្វើដំណើរកំសាន្ត ហត់នឿយអស់កម្លាំងមក ខេត្តកំពង់ធំ មានកន្លែងសម្រាប់បំបាត់ការនឿយហត់ដែរ គឺស្ទឹងព្រៃប្រស់​។

 

ស្ទឹងសែន ភូមិព្រែកស្បូវ ស្ថិតនៅតាមដងស្ទឹងសែន

ស្ទឹងព្រៃប្រស់ ជាស្ទឹងមួយ ដែលហូរកាត់ខេត្តកំពង់ធំ ស្ថិតក្នុងស្រុកកំពង់ស្វាយ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ពីភ្នំពេញទៅ សៀមរាប។ ស្ទឹងនេះ ជារមណីយដ្ឋាន ទេសចរណ៍ធម្មជាតិមួយកន្លែង ដែលល្បីក្នុងខេត្តកំពង់ធំ។ នៅថ្ងៃមានបុណ្យទានម្តងៗ ឬមានពិធីផ្សេងៗ តែងតែមាន ភ្ញៀវទេសចរណ៍នានា ទៅដើរកំសាន្តទាំងជនជាតិខ្មែរ និងជនបរទេស។ នៅរដូវវស្សា ស្ទឹងព្រៃប្រស់មានទឹក ដ៏ថ្លាឈ្វេង និង ស្រស់ស្អាតសម្រាប់លេងកំសាន្ត ប្រកបដោយទេសភាពស្រស់បំព្រង។ នៅអបមាត់ទឹក មានរមណីយដ្ឋាន និងអាហារដ្ឋាន ដែលអ្នកស្រុករស់នៅតាមតំបន់នោះ ជាអ្នកបើក​ ដើម្បីបម្រើដល់សេចក្តីត្រូវការ របស់ភ្ញៀវទេសចរណ៍។ អាហារដ្ឋានទាំងនោះ គឺធ្វើឡើងយ៉ាងស្អាត មានអង្រឹងសម្រាប់អង្គុយ នៅលើមាត់ទឹក ជាមួយខ្យល់អាកាសដ៏បរិសុទ្ធ បន្ថែមជាមួយរសជាតិអាហារយ៉ាងឈ្ងុយឆ្ងាញ់។ យើងអាចកម៉្មង់អាហារ បានជាច្រើន តាមតម្រូវការ ដូចជា មាន់ដុត បាញ់ឆែវ ត្រីដុត បុកល្ហុង ប្រហិត . . . ផ្លែឈើគ្រប់មុខ និងភេសជ្ជៈ គ្រប់ប្រភេទ ជាមួយសេវាកម្មរហ័សទាន់ចិត្ត។ និយាយរួម ស្ទឹងព្រៃប្រស់ សមជាកន្លែងសម្រាប់លំហែកាយជាលក្ខណៈក្រុមគ្រួសារ និងដំណើរកំសាន្តផ្សេងៗ សម្រាប់ប្រជាជនយើង។ ម្យ៉ាងទៀតនៅមានស្ទឹងមួយទៀត ដែលមានសារៈសំខាន់ សម្រាប់ខេត្តកំពង់ធំ គឺស្ទឹងសែន។

 

ស្ទឹងសែន ជាស្ទឹងមួយ ដែលហូរកាត់ខេត្តកំពង់ធំ មានប្រភពមកពីទីខ្ពង់រាប។ វាផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់ប្រជាជន រស់នៅតំបន់នោះ ដូចជា ផ្តល់ទឹកសម្រាប់ធ្វើកសិកម្ម ដំណាំស្រូវ ដំណាំចម្ការទាំងប្រាំង និងវស្សា ផ្តល់ត្រីសម្រាប់បំពេញនូវតម្រូវការម្ហូបអាហារប្រចាំថ្ងៃ ជាផ្លូវគមនាគមន៍ ផ្តល់ទឹកសម្រាប់ ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ជាកន្លែងទេសចរណ៍ និង ផ្តល់នូវគ្រប់តម្រូវការផ្សេងៗ។ [៩]

 

ក្រៅពីតំបន់ទេសចរណ៍ធំៗទាំង៣ មានតំបន់ទេសចរណ៍តូចៗផ្សេងៗទៀតដែរដូចជា:

 

·       ទំនប់ទឹកធ្លាក់៧មករានៅកំពង់ថ្ម

·       សួនច្បារនៅទីរួមខេត្ត

·       បុស្សម្កាក់នៅស្រុកកំពង់ស្វាយ

·       ទឹកស្រះដងអន្ទាក់

·       និងតាមវត្តអារ៉ាមផ្សេងៗ ។​

​​

ម្ហូបស្រុកស្រែ

 

នៅថ្ងៃមានពិធីបុណ្យជាតិធំៗ ខេត្តកំពង់ធំ កាន់តែសប្បាយ ព្រោះមានមនុស្សជាច្រើនវិលត្រលប់មក ស្រុកកំណើតរបស់ពួកគេវិញ ដែលធ្វើឲ្យមានសភាពអ៊ូអរខុសពីធម្មតា។ មានន័យថា ចំនួនអ្នកដើរកំសាន្ត ក៏កាន់តែច្រើនដូចគ្នា គឺពាសពេញកន្លែងទេសចរណ៍ទាំងអស់ ទាំងតំបន់ទេសចរណ៍ធំៗ និងកន្លែងផ្សេងទៀត។ ភាគច្រើនការធ្វើដំណើរគឺដោយ ម៉ូតូ មិនសូវមាន រថយន្តប៉ុន្មានទេ ព្រោះផ្លូវពិបាកធ្វើដំណើរ បើជិះរថយន្ត ត្រូវចំណាយពេលយូរ និងលំបាកជាងជិះម៉ូតូ។ សរុបមក ខេត្តកំពង់ធំ ក៏មានតំបន់ទេសចរណ៍ច្រើន មិនចាញ់ ខេត្តដទៃទៀតដែរ ក្នុងចំណោមខេត្តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍប្រទេសជាតិ។

 

ប្រាសាទ

 

·       ប្រាសាទគុកនគរ

·       ប្រាសាទគុកបារែងចាស់

·       ប្រាសាទគុហនគរ

·       ប្រាសាទដើមចាន់

·       ប្រាសាទត្នោតជុំខាងជើង

·       ប្រាសាទត្នោតជុំខាងលិច

·       ប្រាសាទទ្វារក្ដី

·       ប្រាសាទបន្ទាយស្ទោង

·       ប្រាសាទ​បាកាន

·       ប្រាសាទភូមិប្រាសាទ

·       ប្រាសាទយាយព័ន្ធ

·       ប្រាសាទរបងរមាស

·       ប្រាសាទឫស្សីរលាក

·       ប្រាសាទវាលគុកក្លុង

·       ប្រាសាទសិរីសាច

·       ប្រាសាទសំបូរព្រៃគុក

·       ប្រាសាទសំរោងព្រះធាតុ

·       ប្រាសាទស្រាយអៀ

·       ប្រាសាទស្រែប្រាសាទ

·       ប្រាសាទអណ្ដែត

·       ប្រាសាទអំពិលរលំ

·       ប្រាសាទអ្នកតាប៉ាលោប

 

រដ្ឋបាល

 

អគារសំណង់ប្រាសាទបុរាណ សំបូរព្រៃគុក នៅខាងជើងកំពង់ធំ។

 

ខេត្តកំពង់ធំមានផ្ទៃក្រលា ១៣,៨១៤ គីឡូម៉ែត្រការ៉េ ត្រូវបានចែកចេញជា ៨ ក្រុង-ស្រុក, ៨១ សង្កាត់-ឃុំ និង ៧៣៤ ភូមិ៖

 

ក្រមស្រុក-ក្រុង

ស្រុក-ក្រុង

ឈ្មោះជាអក្សរឡាតាំង

ចំនួនឃុំ

ចំនួនភូមិ

០៦០១

បារាយណ៍

Baray District

១៨

១៨១

០៦០២

កំពង់ស្វាយ

Kampong Svay

៨២

០៦០៣

ស្ទឹងសែន

Stueng Saen

១១

៥៥

០៦០៤

ប្រាសាទបល្ល័ង្ក

Prasat Balang

៦៤

០៦០៥

ប្រាសាទសំបូរ

Prasat Sambour

៦៥

០៦០៦

សណ្ដាន់

Sandan

៨០

០៦០៧

សន្ទុក

Santuk

៧២

០៦០៨

ស្ទោង

Stoung

១៣

១៣៣

សរុប

៨១

៧៣