Posted Date: 06/05/2023, Modified Date: 06/May/2023, Viewer: 1882264
ខេត្តសៀមរាប
ខេត្តសៀមរាប ជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យ នៃប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្បែរបឹងទន្លេសាប។ ទីរួមខេត្តរបស់ខេត្តសៀមរាបនេះគឺ ក្រុងសៀមរាប។ ខេត្តសៀមរាប ត្រូវបានដាក់ឈ្មោះបែបនេះដើម្បី រំលឹកដល់ជ័យជំនះ នៅកងទ័ពខ្មែរលើកងទ័ពសៀម នៅសម័យលង្វែកសតវត្ស១៦។ សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្តតាំងនៅនៃ ប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញ។ ខេត្តសៀមរាប ស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ខេត្តនេះជាតំបន់ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជា ដោយសារខេត្តនេះមានប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញ និងប្រាសាទបុរាណដទៃទៀតជាច្រើន។ ថ្មីៗនេះ ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំណើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើមដែលបម្រើឱ្យវិស័យទេសចរណ៍។ រមណីយដ្ឋានផ្សេងទៀតដែលនៅក្បែរក្រុងសៀមរាបមានរាជធានីអង្គរធំ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង ប្រាសាទបក្សីចាំក្រុង ប្រាសាទបាពួន ប្រាសាទភិមានអាកាស ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម និងប្រាសាទរាប់រយផ្សេងទៀត។ តំបន់អង្គរ ត្រូវបានរងការលុកលុយជាច្រើនដង ពីពួកសៀម ហើយទីបំផុតរាជធានីអង្គរ ត្រូវបានបោះបង់នៅឆ្នាំ ១៤៣១។ គួររំលឹកផងដែរថា រាជធានីរបស់ប្រទេសកម្ពុជាត្រូវបានពីប្តូរពីអង្គរទៅរាជធានីចតុមុខនៅឆ្នាំ ១៤៣២ រួចទៅបន្ទាយលង្វែក និង រាជធានីឧដុង្គ និងត្រលប់ទៅរាជធានីចតុមុខវិញនៅឆ្នាំ ១៨៦៦។ ជនជាតិបទេស ដែលបានមកដល់ប្រាសាទអង្គរវត្តមុនគេគឺអ្នករុករកជនជាតិបារាំង លោក ហង់រី មូហូ (Henri Mouhot) ក្នុងឆ្នាំ១៨៦០។ តំបន់សៀមរាបអង្គរគឺជាគោលដៅចម្បងសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក ហើយក៏ជាតំបនដែលសម្បូរណ៍ទៅដោយសំណង់ប្រាសាទបុរាណតូចធំជាច្រើន ដែលជាទីស្ថានរបស់ពពួកអាទិទេពទាំងឡាយទាំងពួងផងដែរ។
តំបន់ទេសចរណ៍ខេត្តសៀមរាប
តាមប្រវត្តិសាស្ដ្រ ទឹកដីខេត្តសៀមរាប ជាតំបន់រាជធានីរបស់ ចក្រភពខ្មែរ អំឡុងពីសតវត្សទី៩ដល់សតវត្សរ៍ទី១៣។ ដោយសារមូលហេតុខាងលើនេះហើយ ទើបរហូតមកទល់បច្ចុប្បន្ននេះ គេនៅឃើញមានប្រាសាទយ៉ាងច្រើនស្អេកស្កះតំរៀបគ្នា នៅក្នុងទឺកដីដ៏បវរនៃខេត្តសៀមរាប។ ប្រាសាទទាំងឡាយនៅតំបន់អង្គរ ដែលមានឈ្មោះល្បីទូទាំងពិភពលោកគឺ ស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជា ក្នុងខេត្តសៀមរាប ដែលគ្របដណ្តប់ដោយផ្ទៃក្រលា ៦០០ គ.មការ៉េ។ សព្វថ្ងៃប្រាសាទចំនួនជាង១០០ត្រូវបានរកឃើញ។ ប្រាសាទទាំងឡាយ ត្រូវបានកសាងឡើងរវាងសតវត្សទី៩ និងទី១៣។ កម្មវិធីកសាងឥតឈប់ឈរត្រូវបានប្រកាន់ដោយព្រះរាជាខ្មែរជាបន្តបន្ទាប់ អាចប្រៀបធៀបបានទៅនឹងសំនង់រាងជាពីរ៉ាមីតដោយព្រះចៅផារ៉ាអុងក្នុង ប្រទេសអេហ្សីប។ ព្រះរាជាខ្មែរបានសាងសង់ប្រាសាទទាំងនេះ ដោយប្រើកំលាំងទាសករយ៉ាងច្រើន តាមការប៉ាន់ស្មាន ការធ្វើសំនង់ថ្មីនីមួយៗអាចប្រើមនុស្សប្រហែល ៧៥០.០០០នាក់ ក្នុងអំឡុងសតវត្សទី១២ និង១៣។ ទោះបីជាបន្សល់ទុកនូវ ប្រាសាទជាច្រើនក៏ដោយ សព្វថ្ងៃនេះគឺមានភស្តុតាងបន្តិចបន្តួចចំពោះមនុស្សដែលរស់នៅថា ប្រាកដជាទីក្រុងមួយដែលអាយុកាល ចាស់ជាងគេនៅលើផែនដីនាពេលនោះ។ អ្នកដំណើរព័រទុយហ្គាល់ ត្រូវបានគេជឿថាជាជនបស្ចឹមប្រទេសដំបូងគេ ដែលបានសំលឹងមិនដាក់ភ្នែក ទៅលើភាពអស្ចារ្យនៃប្រាសាទអង្គរ នាពេលទស្សនាក្នុងអំឡុងសតវត្សទី១៦។ ទោះបីយ៉ាងណាក៏ដោយ កិត្តិយសធំបំផុត ចំពោះការរកឃើញអង្គរបានធ្លាក់ទៅអ្នកភូមិសាស្ដ្រជនជាតិបារាំងឈ្មោះ ហង់រី មូហូត (Henri Mouhot) ដែលបានមកទស្សនាអង្គរឆ្នាំ១៨៦០ ដែលបានតំកល់ទុកនូវឯកសារនាទីក្រុងប៉ារីសក្រាយមរណភាពក្នុងឆ្នាំ១៨៦៨។ ក្នុងសតវត្សទី ១៩និង២០ បេសកកម្មរបស់បារាំងជាច្រើនបានមកទស្សនាប្រាសាទ និង ធ្វើការកាប់ឆ្ការសំអាតព្រៃពីប្រាសាទ ហើយដែលបានប្រមូលនូវឯកសារយ៉ាងច្រើនបំផុត។ ក្នុងឆ្នាំ ១៩០៧ ប្រទេសថៃ បានប្រគល់ទឹកដីអង្គរមកអោយខ្មែរគ្រប់គ្រងវិញ ហើយនៅក្នុងនាំនោះហើយដែលភ្ញៀវទេសចរបានមកទស្សនាជាលើកដំបូង។ ប្រសិនបើពេលមានកំនត់អ្នកទស្សនាអាចជ្រើសរើសតាមវង់តូចដែលរួមមានទីក្រុងរបស់ស្តេច គឺអង្គរធំដែលមានប្រាសាទជាច្រើន ប្រាសាទអង្គរវត្ត ស្រះស្រង់ និងរមណីយដ្ឋានជាច្រើនទៀត។ ការបន្តដំនើរទស្សនាទៅវង់ធំគេនឹងបានឃើញប្រាសាទមួយចំនួនផ្សេងទៀត និងបារាយណ៍នៅសម័យអង្គរ។ ប្រសិនបើពេលវេលាអនុញ្ញាតិ ភ្ញៀវទេសចរអាចទស្សនាប្រាសាទល្បីឈ្មោះ ដូចជាប្រាសាទបន្ទាយស្រី ឬប្រាសាទបន្ទាយសំរ៉ែ ដែលស្ថិតនៅឆ្ងាយពីប្រាសាទនៅតំបន់អង្គរបន្តិច។
កូដស្រុកនិងក្រុង |
ស្រុកនិងក្រុង |
ឈ្មោះស្រុកនិងក្រុងជាអក្សរឡាតាំង |
១៧០១ |
អង្គរជុំ |
Angkor Chum |
១៧០២ |
អង្គរធំ |
Angkor Thum |
១៧០៣ |
បន្ទាយស្រី |
Banteay Srei |
១៧០៤ |
ជីក្រែង |
Chi Kraeng |
១៧០៦ |
ក្រឡាញ់ |
Kralanh |
១៧០៧ |
ពួក |
Puok |
១៧០៩ |
ប្រាសាទបាគង |
Prasat Bakong |
១៧១០ |
សៀមរាប |
Siem Reab |
១៧១១ |
សូទ្រនិគម |
Soutr Nikom |
១៧១២ |
ស្រីស្នំ |
Srei Snam |
១៧១៣ |
ស្វាយលើ |
Svay Leu |
១៧១៤ |
វ៉ារិន |
Varin |