Posted Date: 06/05/2023, Modified Date: 06/May/2023, Viewer: 1834923
ទីតាំងភូមិសាស្រ្ត
ខេត្តរតនគិរី ជាខេត្តនៅភាគឦសាននៃប្រទេសកម្ពុជា ។ ទីរួមខេត្តបានលុង ស្ថិតនៅកណ្តាលខ្ពង់រាបនៃខេត្ត ចម្ងាយ ៥៨៦ គ.ម ពីទីក្រុងភ្នំពេញ ។ ខេត្តរតនគិរី មានព្រំប្រទល់ខាងជាប់ប្រទេសឡាវ ខាងកើតជាប់ប្រទេសវៀតណាម ខាងជើងជាប់ខេត្តមណ្ឌលគិរី និងខាងលិចជាប់ខេត្តស្ទឹងត្រែង។ ខេត្តមានទីតាំងស្ថិតនៅលើខ្ពង់រាបនៃភូមិភាគឦសានប្រទេសកម្ពុជា។ ខ្ពងរាបនេះ ជាគែមខាងលិចនៃប្រជុំភ្នំកន្តំ នៃប្រទេសវៀតណាម។ លំផាត់ដែលជាទីប្រជុំជននៅភាគខាងត្បូងខេត្ត ជាទីរួមខេត្តកាលពីមុន ។ ខេត្តរតនគិរី ជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយ ទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ។ ភាគច្រើននៃប្រជាជនរតនៈគិរី ជាជនជាតិភាគតិច ចំនែកជនជាតិខ្មែរមានប្រមាណតែ ១០ ទៅ ២០ % ប៉ុណ្ណោះ ។
សេដ្ឋកិច្ច
ភាគច្រើនលើសលប់ នៃជនជាតិភាគតិចប្រកបរបរកសិកម្មចំការព្រៃដុត។ ពួកគេដាំដុះស្រូវ ពោត ល្ពៅ សណ្តែកដី និងស្វាយចន្ទីជាដើម។ ជនជាតិខ្មែរនិងវៀតណាម១ចំនួនដែលមានលុយ កាន់កាប់ចំការធំៗនៅជុំវិញទីរួមខេត្តបានលុង។ ពួកគេដាំដុះ សណ្តែកដី កាហ្វេ គ្រប់ស្វាយចន្ទី និង កៅស៊ូ។រ៉ែត្បួងនៅភាគខាងត្បូងនិងខាងលិចខេត្ត គឺជាប្រភពចំនូលដ៏សំខាន់ និងជា គោលដៅរបស់ទេសចរណ៍និងអ្នករកត្បូង១ចំនួន។ ខេត្តរតនគិរីល្បីថាជាកន្លែងសំបូរត្បូងកន្តឹមនិងកណ្ដៀងប្រណិតៗ។ ពាណិជ្ជកម្មភាគច្រើនធ្វើឡើងជាមួយវៀតណាម តាមរយៈផ្លួវជាតិលេខ ១៩ ដែលឆ្លងកាត់ទីរួមខេត្តបានលុង។ ទោះជាយ៉ាងណាក៏ដោយ វិស័យទេសចរណ៍បានក្លាយជាប្រភពចំនូលនាំមុខគេ ចូលរួមចំនែកក្នុងកំនើនសេដ្ឋកិច្ច។ បានលុងមានសណ្ឋាគារច្រើនជាង៤ និង ផ្ទះសំណាក់រាប់មិនអស់។ ភោជនីយដ្ឋាននិងហាងទំនិញត្រួវបានរីកដុះដាលដួចផ្សិតដើម្បីឆ្លើយតបនិងកំនើនអ្នកទេសចរណ៍នាពេលថ្មីៗនេះ។
ផ្សារ
ផ្សារកូនមុំ បរកែវ បានលុង អូរយ៉ាដាវ
តំបន់ទាក់ទាញ
ប្រភពទាក់ទាញទេសចរណ៍សំខាន់របស់ខេត្តរតនគិរីគឺ ក្រុមជនជាតិភាគតិចនិងសត្វព្រៃ ។ ជនជាតិភាគតិច ៥ ក្រុមរស់នៅខេត្តរតនៈគីរី មាន ជនជាតិទំពួន ជនជាតិគ្រឹង ជនជាតិចារ៉ាយ ជនជាតិកាចុក និង ជនជាតិព្រៅ ឬ ក្រវិត ។ ទិដ្ឋភាពរស់នៅ និងវប្បធម៌ នៃភូមិជនជាតិទាំងនេះ បានទាក់ទាញទេសចរណ៍ពីអឺរ៉ុប និងអាមេរិកយ៉ាងច្រើន។
បឹងយក្សឡោម
បឹងយក្សឡោម ជារមណីយដ្ឋានដ៏មានប្រជាប្រិយភាពនៅក្នុងខេត្តរតនៈគីរី។ បឹងដែលជាស្លាកស្នាមនៃមាត់ភ្នំភ្លើងប្រមាណ ៤០០០ ឆ្នាំមុន ស្ថិតនៅប៉ែកខាងត្បូងឆៀងខាងកើតពីរួមខេត្តប្រហែល ៤,៨ គ.ម ។ ដោយបឹងនេះមានជំរៅជ្រៅរហូតដល់ ៤៨ម៉ែត្រ ទឹកបឹងមានសភាពថ្លាឆ្វង់ហើយស្អាត។ មាត់បឹងមានរាងស្ទើរជារង្វង់ដែលមានអង្កត់ផ្ចិតប្រមាណ ៧៥០ម។ នៅជុំវិញបឹង សំបូរដោយដើមឈើធំៗ ដែលជាជំរកនៃសត្វសេក និងសត្វកំរៗនានាជាច្រើន។
ភ្នំឥសីប៉ាតាម៉ាក់
ទឹកធ្លាក់កាចាង ៖ទឹកធ្លាក់កាចាងស្ថិតនៅ ៦ គីឡូម៉ែត្រខាងជើងឈៀងខាងលិចបានលុង ។ ទឹកធ្លាក់នេះហូរចុះទៅទន្លេស្រែពក ។ ទឹកធ្លាក់កម្ពស់ ១២ ម៉ែត្រនេះមានគ្រប់រដូវកាលពេញមួយឆ្នាំៗ ។
ទឹកធ្លាក់កាទៀង
ទឹកធ្លាក់កាទៀងទឹកធ្លាក់កាទៀង ស្ថិតនៅខាងជើងឆៀងខាងលិចបានលុងចម្ងាយ ៧ គីឡូម៉ែត្រ ទឹកធ្លាក់នេះកម្ពស់ ១០ ម៉ែត្រ ហើយមានជាប់រហូតគ្រប់រដូវកាល ។
ទឹកធ្លាក់អូរស៊ីនឡែ
ស្ថិតនៅ ២៦ គីឡូម៉ែត្រខាងត្បូងបានលុង ។ ទឹកធ្លាក់នេះមាន ៤ ជាន់ ហើយមួយជាន់ៗ មានកម្ពស់៤ម៉ែត្រ ។ ទឹកធ្លាក់នេះមានគ្រប់រដូវ ទិដ្ឋភាពនៅជុំវិញទឹកធ្លាក់មានទិដ្ឋភាពស្រស់ស្អាតយ៉ាងខ្លាំង ។
ទឹកធ្លាក់អូរសែនស្រណោះ
ស្ថិតនៅ ៩ គីឡូម៉ែត្រពីបានលុង ហើយមានកម្ពស់ ១៨ ម៉ែត្រ ដោយមានទឹកធ្លាក់ គ្រប់រដូវកាល។ភ្ញៀវទេសចរអាចសម្រាកលម្ហែកាយក្នុងធម្មជាតិដ៏ប្រណីត, ស្រូបយកខ្យល់អាកាសបរិសុទ្ធ និង ស្តាប់សូរទឹកធ្លាក់និងបក្សាបក្សីយំ ។
ទឹកធ្លាក់ចាអ៊ុង
ស្ថិតនៅខាងលិចបានលុង ៨ គីឡូម៉ែត្រ ហើយធ្លាក់ជាប់ជាប្រចាំ ។ ប្រភពទឹកមានតំបន់ភ្នំស្វាយ ហើយនៅក្រោមទឹកធ្លាក់នេះគឺជារន្ធដ៏ធំមួយដែលអាចឱ្យភ្ញៀវទេសចរចូលទៅឈរ ឬ អង្គុយពីក្រោមទឹកធ្លាក់បាន ។
ឧទ្យានជាតិវីរៈជ័យ
ឧទ្យានជាតិវីរជ័យស្ថិតនៅ ៤៥ គីឡូម៉ែត្រខាងជើងបានលុងដោយលាតសន្ធឹងលើផ្ទៃដី ៣៣២.៥០០ ហិកតា ។ ឧទ្យាននេះមានរុក្ខជាតិ និង ដើមឈើគ្រប់ប្រភេទ ព្រមទាំងសត្វព្រៃគ្រប់ប្រភេទទៀតផង ។
ជម្រកសត្វព្រៃលំផាត់
ជម្រកសត្វព្រៃលំផាត់ស្ថិតនៅ ៣៧ គីឡូម៉ែត្រខាងត្បូងបានលុងដោយស្ថិតនៅលើផ្ទៃដី ២៥០.០០០ ហិកតា ។ វាជាជម្រកសត្វព្រៃជាច្រើន ជាពិសេសខ្លា, ដំរី ជាដើម ។
អូចាឡយ
ស្ថិតនៅនឹងទន្លេស្រែពក នៅប៉ែកខាងត្បូងឆៀងខាងលិចបានលុងចម្ងាយ ៣៤ គីឡូម៉ែត្រ ។ កន្លែង នេះអាចបង្កើតជាតំបន់ទេសចរណ៍តែនៅរដូវប្រាំងប៉ុណ្ណោះ ។
ព្រៃនងកាបាត
ស្ថិតនៅ ២៥ គីឡូម៉ែត្រខាងជើងបានលុង ។ នៅទីនោះមានបឹងមួយដែលគេអាចឃើញសត្វព្រៃ និងបក្សីជាច្រើនប្រភេទមករកបឹងនេះ ។ ក្រៅពីនេះ ភ្ញៀវទេសចរអាចទស្សនាភូមិជនជាតិ, វប្បធម៌របស់ជនជាតិដូចជា ជំនឿ, ពិធីបុណ្យ, ការរាំ និង ការប្រគំភ្លេង ជាដើម។
ទីក្រុង
វើនសៃ
ស្ថិតនៅតាមបណ្តោយទន្លេសេសាននៅភាគខាងជើង។ វាមានប្រជាជនតិចជាង ១០០០នាក់។ ឆ្នេរខ្សាច់តាមដងទន្លេសេសាននារដូវប្រាំងជារមណីយដ្ឋានទេសចរណ៍ដ៏សំខាន់។ប្រជាជនភាគច្រើនជាជនជាតិគ្រឹង ជនជាតិឡាវ និង ជនជាតិចិន។
លំផាត់
ជាទីរួមខេត្តចាស់ ស្ថិតនៅតាមដងទន្លេសេកុងនៅភាគខាងត្បួង។ វាមានប្រជាជនតិចជាង
ខេត្តរតនគិរីរួមមាន៩ស្រុក (ក្នុងនោះមាន៤៩ឃុំ)៖
កូដស្រុក |
ស្រុក |
ឈ្មោះជាអក្សរឡាតាំង |
1601 |
ស្រុកអណ្តូងមាស |
Andoung Meas |
1602 |
ក្រុងបានលុង |
Ban Lung |
1603 |
ស្រុកបរកែវ |
Bar Kaev |
1604 |
ស្រុកកូនមុំ |
Koun Mom |
1605 |
ស្រុកលំផាត់ |
Lumphat |
1606 |
ស្រុកអូរជុំ |
Ou Chum |
1607 |
ស្រុកអូរយ៉ាដាវ |
Ou Ya Dav |
1608 |
ស្រុកតាវែង |
Ta Veaeng |
1609 |
ស្រុកវើនសៃ |
Veun Sai |