Posted Date: 06/05/2023, Modified Date: 06/May/2023, Viewer: 1916633
ខេត្តព្រះវិហារ
ទីតាំងភូមិសាស្ត្រ
ខេត្តព្រះវិហារ ស្ថិតនៅក្នុងភូមិសាស្រ្តទិសឧត្តរ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយពី រាជធានីភ្នំពេញ ប្រមាណចំងាយ ២៩៤គីឡូម៉ែត្រ ជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប តំបន់ព្រៃភ្នំ ភូមិសាស្ត្រដែលមានភាពទូលាយ សំបូរព្រៃឈើធំៗ ជាជំរកសត្វព្រៃគ្រប់ប្រភេទ រ៉ែ ធនធានធម្មជាតិ និងសំនង់ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ។ ព្រំប្រទល់ខាងជើងទល់នឹង ប្រទេសថៃ និង ប្រទេសឡាវ ប៉ែកខាងត្បូងទល់នឹង ខេត្តកំពង់ធំ ប៉ែកខាងលិចទល់នឹង ខេត្តសៀមរាប និងឧត្តរមានជ័យ ប៉ែកខាងកើតទល់នឹង ខេត្តស្ទឹងត្រែង។
ខេត្តព្រះវិហារមានផ្ទៃដីសរុប ១៣.៧៨៨ គីឡូម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីបង្ករបង្កើនផលមានចំនួន ៣០.០០០ហិចតា និងមានចំនួន៨៥%ជាព្រៃឈើ។ ខេត្តចែកចេញជា ៧ស្រុកក្រុងរួមមាន ៤៧ឃុំដែលមានភូមិសរុប ២០៨ភូមិ និងសង្កាត់មាន២។ ប្រជាពលរដ្ឋនៅខេត្តព្រះវិហារភាគច្រើន ជាជនជាតិខ្មែរនិងមានជនជាតិភាគតិច កួយ មានប្រមាណ២០% មានរបរធ្វើស្រែចម្ការ រកជ័រ រកវល្លិ៍ លក់ដូរ និងនេសាទត្រីបន្តិចបន្តួច។ ការងារធ្វើស្រែចំការពុំសូវទទួលបានទិន្នផលខ្ពស់ឡើយ ព្រោះដោយបងប្អូនធ្វើតាមរបៀបអភិរក្សនិយម គឺធ្វើស្រែប្រវាស់មេឃ។ ខេត្តព្រះវិហារត្រូវបានដាក់ឈ្មោះតាម ប្រាសាទព្រះវិហារ។ ខេត្តព្រះវិហារត្រូវបានបង្កើតឡើងនៅក្នុងខែមីនា ឆ្នាំ១៩៦៤ ដោយកាត់យកដីពីខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តសៀមរាប។ ខេត្តព្រះវិហារមានប្រជាជនសរុបចំនួន ១៦១,៥៤៣នាក់ និងដង់ស៊ីតេប្រជាជនមានចំនួន ១១នាក់ក្នុង១គីលូម៉ែត្រការ៉េ។ ក្រុងត្បែងមានជ័យ គឺជាទីរួមខេត្តរបស់ខេត្តព្រះវិហារ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨២ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩។ ក្រុងត្បែងមានជ័យ ត្រូវបានប្តូរទៅជាក្រុងព្រះវិហារវិញនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៩។ ខេត្តនេះមានស្ទឹងមួយដែលហូរកាត់គឺស្ទឹងសែន។
គ្រប់គ្រងរដ្ឋបាល
ខេត្តព្រះវិហារត្រូវចែកជា ៧ស្រុក និង ១ ក្រុង ក្នុងនោះមាន ៤៨ឃុំ និង ២ សង្កាត់។
កូដស្រុក |
ស្រុក |
ឈ្មោះស្រុកជាអក្សរឡាតាំង |
ក្រុងព្រះវិហារ |
Preah Vihear city |
|
១៣០១ |
ស្រុកជ័យសែន |
Chey Saen |
១៣០២ |
ស្រុកឆែប |
Chhaeb |
១៣០៣ |
ស្រុកជាំក្សាន្ត |
Choam Khsant |
១៣០៤ |
ស្រុកគូលែន |
Kuleaen |
១៣០៥ |
ស្រុករវៀង |
Rovieng |
១៣០៦ |
ស្រុកសង្គមថ្មី |
Sangkom Thmei |
១៣០៧ |
ស្រុកត្បែងមានជ័យ |
Tbaeng Mean chey |
តំបន់សក្តានុពលទេសចរណ៍
ខេត្តព្រះវិហារ ជាខេត្តមួយសំបូរទៅដោយផលិតផល ទេសចរណ៍ច្រើនជាងគេសំរាប់អភិវឌ្ឍ ដើម្បីទាក់ទាញទេសចរណ៍ឱ្យមានការចាប់អារម្មណ៍ និងមកកំសាន្ត ប៉ុន្តែមានចំនុចលំបាកជាច្រើនដែលធ្វើឱ្យវិស័យទេសចរណ៍មានការធ្លាក់ចុះ និងរាំងស្ទះដល់ការអភិវឌ្ឍន៍គឺគ្មានមធ្យោបាយគ្រប់គ្រាន់សំរាប់ធ្វើការផ្សព្វផ្សាយលើឆាកអន្តរជាតិ ឱ្យទូលំទូលាយ ប៉ុន្តែប្រាសាទព្រះវិហារវិញក៏បានបើកឱ្យភ្ញៀវជាតិ អន្តរជាតិចូលទស្សនាយ៉ាងច្រើនកុះករ។ នាពេលបច្ចុប្បន្ន ខេត្តព្រះវិហារ មានសន្តិសុខល្អគ្រប់គ្រាន់សម្រាប់ឱ្យភ្ញៀវទេសចរណ៍មកទស្សនា។ ខេត្តព្រះវិហារមានតំបន់ទេសចរណ៍ទាក់ទាញជាច្រើន និងមានប្រាសាទបុរាណប្រហែល២៤៥ប្រាសាទ។
ប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារ មានទីតាំងនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត នៅលើជួរភ្នំដងរែក ជាប់ព្រំប្រទល់អន្តជាតិកម្ពុជា និងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចំងាយផ្លូវ ៤០០គមពីភ្នំពេញ តាមផ្លូវជាតិលេខ៦២ និង១៥០គមពីទីរួមខេត្តព្រះវិហារ។ ប្រាសាទព្រះវិហារត្រូវបានកសាងឡើងក្នុងសម័យអង្គរ ដោយព្រះមហាក្សត្រព្រះបាទសូរ្យវរ្ម័នទី១ នៅក្នុងសតវត្សរ៍ទី១១ និងត្រូវបានកសាងដោយព្រះមហាក្សត្រជាច្រើនអង្គរទៀត។ ប្រាសាទព្រះវិហារមានឈ្មោះតាមសិវលិង្គ នៅក្នុងប្រាសាទដែលមានឈ្មោះថា ស្រី សិខារិស្វរៈ ដែលមានន័យថាអំណាចនៃកំពូលភ្នំ។ សិវលិង្គដែលតម្កល់នៅក្នុងប្រាសាទនេះ ត្រូវបាននាំយកមកពីប្រាសាទវត្តភូ (ប្រទេសឡាវ) ដើម្បីតម្កល់ទុកនៅក្នុងប្រាសាទនេះ។ ប្រាសាទព្រះវិហារមានគោបុរៈ (ខ្លោងទ្វារ) ចំនួន៥ ដែលរៀបចំពីគោបុរៈទី១ នៅខាងលើរហូតដល់គោបុរៈទី៥ ប្រាសាទព្រះវិហារ បែរមុខទៅទិសខាងជើង។ ភ្នំនេះមានកំពស់៧៤០ម ធៀបកំពស់ទឹកសមុទ្រ។ ដោយមានផ្ទៃក្រឡា៨០០ម ៤០០ម ចំនោតខ្លាំង ពីទឹកដីកម្ពុជា និងរាងទេរទៅរកទឹកដីប្រទេសថៃ។ ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ជូលក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០០៨។
ប្រាសាទព្រះខ័ន (កំពង់ស្វាយ)
ប្រាសាទព្រះខ័នកំពង់ស្វាយ (អ្នកស្រុកហៅថា ប្រាសាទបាកាណ) ដែលមានទីតាំងស្ថិតនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី នៅជិតព្រំប្រទល់ខេត្តកំពង់ធំ និងសៀមរាប ស្ថិតនៅភាគនិរតីចំងាយចំនួន១០៥គម ពីទីរួមខេត្ត។ ប្រាសាទបាកានមានក្បូរក្បាច់រចនាប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តដែរតែកសាងមុនពេលលើករាជធានីទៅអង្គរវត្ត។ ប្រាសាទបាកាន មានឈ្មោះដើមហៅថាជ័យស្រីប្រាសាទ កសាងដោយព្រះបាទសុរ្យវរ្ម័នទី១ (គស១០០២) លើបូជនីយដ្ឋានចាស់របស់ព្រះបាទយសោវរ្ម័នទី១ និងមានបន្ថែមរចនាបថមុខ៤ ខ្លះដោយព្រះបាទជ័យវរ្ម័នទី៧មុនពេលឡើងគ្រងរាជនៅអង្គរ (គស១១៨១) ដែលព្រះអង្គបានកសាងប្រាសាទនេះ ដើម្បីតំកល់អដ្ឋិធាតុញាតិវង្សនិងព្រះបរមគ្រូរបស់ព្រះអង្គ។ ប្រាសាទព្រះខ័នកំពង់ស្វាយ ស្ថិតនៅលើទីតាំងយុទ្ធសាស្រ្តទ័ពដែលមានលក្ខណពិសេសដូចជាមានទឺកព័ន្ធជុំវិញ និងស្ថិតក្បែរប្រាសាទមានកន្លែងស្លដែកសម្រាប់ធ្វើជាអាវុធទៀតផង។ ប្រាសាទត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីបង្ហាញពីការឈ្នះចម្បាំងជាមួយប្រទេសចម្ប៉ាផងដែរ។
ប្រាសាទកោះកែរ
តំបន់រមណីយដ្ឋានប្រាសាទកោះកែរ មានទីតាំងស្ថិតនៅភូមិស្រយ៉ង់ជើងឃុំស្រយ៉ង់ ស្រុកគូលែន ដែលស្ថិតនៅជិតព្រំប្រទល់ខេត្តសៀមរាប មានចម្ងាយ៧២គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ ក្រុមប្រាសាទកោះកែរមានប្រាសាទព័ទ្ធជុំវិញចំនួន៣៨ប្រាសាទ ដែលមានចំងាយពីប្រាសាទមួយទៅប្រាសាទមួយពី២ទៅ៥គម។ ប្រាសាទកោះកែរត្រូវបានកសាងកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៤ នៅក្នុងឆ្នាំ៩២១ ដល់ ៩៤២ ប្រាសាទនេះស្ថិតនៅ៨០គីឡូម៉ែត្រ នៃទិសឥសានអង្គរធំ។ ប្រាសាទនេះមានលក្ខណៈជាប្រាសាទភ្នំ មាន៧ថ្នាក់កំពស់៣៥ម។ តំបន់រមណីយដ្ឋានប្រាសាទកោះកែរ ដែលមានឈ្មោះដើមថាឆោគគី តាមរយៈសិលាចារឹកប្រាសាទដំរី។ រមណីយដ្ឋានប្រាសាទកោះកែរ មានប្រាសាទជាច្រើននៅក្នុងនោះមានដូចជា ប្រាសាទធំ ប្រាសាទចិន ប្រាសាទដំរី ប្រាសាទលិង្គ ប្រាសាទច្រាប ប្រាសាទក្រចាប់។ល។ តំបន់រមណីយដ្ឋានប្រាសាទកោះកែរ ជារាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៤ បន្ទាប់ពីព្រះអង្គបានផ្លាស់ប្តូររាជធានីពីយសោធរេបុរៈរបស់ព្រះបាទយសោវរ្ម័នទី១។ ភាគច្រើនប្រាសាទនៅក្នុងតំបន់កោះកែរសាងសង់អំពីថ្មភក់។
ប្រាសាទក្រពុំឈូក
ប្រាសាទក្រពុំឈូក មានទីតាំងស្ថិតនៅក្នុងរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។ ប្រាសាទនេះមានចំងាយប្រហែល ៤៥គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ប្រាសាទក្រពុំឈូក ស្ថិតនៅក្នុងឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ចំងាយប្រមាណ៤៥គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងពីថ្មបាយក្រៀម និងថ្មភក់ ក្នុងសតវត្សទី១០ ដើម្បីឧទ្ទឹសថ្វាយដល់ព្រហ្មមញ្ញសាសនា។
ប្រាសាទអ្នកបួស
ប្រាសាទអ្នកបួស ដែលស្ថិតនៅលើកូនភ្នំមួយ ដើមឡើយមានឈ្មោះថា ច័ន្ទនគីរី ដែលមានទីតាំងស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តាមពិតទៅគឺជាក្រុមប្រាសាទដែលសាងសង់ និងគ្រប់គ្រងកាន់កាប់តាំងពីសតវត្សរ៍ទី៧ ដល់សតវត្សរ៍ទី១១ នៃគ្រីស្ទសករាជ។ ប្រាសាទនេះត្រូវបានសិក្សាដោយលោក ប៉ាម៉ង់ ទីយ៉េ និងលោកឡាហ្សង់ គីយ្យា លោកអៃម៉ូនីញ៉េ និងលោកបាក អស់រយៈពេលមួយសតវត្សរ៍មកហើយ ចុងក្រោយបំផុតសិលាចារឹកសំខាន់ៗទាំងនោះដែលមានរហូតដល់ទៅប្រាំបួនផ្ទាំង ត្រូវបានបកប្រែជាបន្តបន្ទាប់ ជាពិសេសសិលាចារឹក K-៣៤១ និងបកប្រែដោយលោក ហ្សក សឺដេស នៅក្នុងឆ្នាំ១៩៥៤។ ចេញពីផ្លូវគ្រួសច្រកអានសេះ មានផ្លូវបំបែកមួយទៅកាន់ផ្លូវប្រាសាទអ្នកបួស ឬប្រាសាទច័ន្ទគីរី ជាផ្លូវមួយមានចម្ងាយប្រហែល ៣គីឡូម៉ែត្រ។ ក៏ប៉ុន្តែនៅជ្រលងភ្នំស្រះស្រង់ ឬបារាណ៍ទឹកបុរាណមួយនៅជើងភ្នំខាងក្រោមប្រាសាទ ដែលមានទំហំដ៏ធំល្វឹងល្វើយ ដែលមានទឹកថ្លាសម្រាប់ធ្វើពីធីសាសនាព្រហ្មញ្ញ និងសម្រាប់ការបង្ហូរទឹកស្រោចស្របស្រូវប្រាំនៃស្រែចម្ការរបស់សហគមន៍ខ្មែរ តាំងបុរាណរហូតដល់សព្វថ្ងៃ។
ប្រាសាទច័ន្ទគីរី ឬប្រាសាទអ្នកបួស មានជណ្តើរបែរមុខទៅទិសខាងត្បូង មានកាំជណ្តើរ១១កាំ មានទំហំ១១ម៉ែត្រ ផ្នែកជាន់ទី១ និងជាន់ទី២មានទំហំតូចជាងបន្តិច ដោយពុំអាចវាស់វេងបានពីព្រោះដោយសារព្រៃក្រាស់ និងបាក់បែកពិបាកវាស់វែង។ នៅកាំជណ្តើរនៃគោបុរៈ មានការបាក់បែកស្ទើរទាំងអស់។ ប្រាសាទនេះមានកំពែងថ្មបាយក្រៀម និងថ្មភក់ព័ន្ធជុំវិញចំនួនបីជាន់។ នៅក្នុងបរិវេណនេះ មានប្រាង្គធំនៅចំកណ្តាលបែរមុខទៅ ខាងត្បូងក្បាច់ផ្តែរបានបាក់បែកពាក់ កណ្តាលធ្លាក់ចុះមកដល់ដីដោយជនពាលបំផ្លាញតាមរយៈដាក់រំសេវបំផ្ទុះ យកវត្ថុបុរាណ (ក្បាលអ្នកតា) ទៅលក់។ នៅក្បែរនោះដែរមានប្រាសាទ សំខាន់ៗជាច្រើនទៀត ។ នៅខាងក្រៅ កំពែងក៏មានក្រុមប្រាសាទតូចធំទាំង អស់យ៉ាងតិចចំនួនប្រាំបួនទៀតផងដែរ ។ ទំហំទីធ្លាកំពែងប្រាសាទព័ទ្ធ ជុំវិញទទឹងជាង១០០ម៉ែត្រ និង បណ្តោយប្រមាណជាង៣០០ម៉ែត្រ ។ ទាំងនៅក្នុងបរិវេណ និងនៅក្រៅ ប្រាសាទមានព្រៃដុះជុំជិតធំតូច និងមាន ស្រះតូចៗជាច្រើនទៀត ហើយមានធ្វើ ការដ្ឋានថ្មពីសម័យបុរាណនៅខាង លិចប្រាសាទនោះផងដែរ ។ នៅក្នុងបរិវេណប្រាសាទច័ន្ទគិរី មានការជីកគាស់កកាយរុករកវត្ថុ បុរាណធ្វើឱ្យបំណែកផ្ទាំងថ្មតូចធំរបើក ឡើងរាយប៉ាយខូចខាតស្ទើរ៩០ភាគរយ ។ ក្បាច់ផ្តែរប្រាង្គប្រាសាទ អ្នកបួសដ៏ ធំជាងគេត្រូវបានបំផ្លាញពីការដាក់ រំសេវបំផ្ទុះនៅក្នុងទសវត្សរ៍៩០។ វាជា ការសោកស្តាយរកអ្វី ប្រៀបផ្ទឹមពុំបានពី ការបំផ្លាញដ៏ប្រល័យនេះដោយរួមទាំង មិនទាន់បានសង្គ្រោះ វានៅឡើយ ។
ប្រាសាទភ្នំព្រះលាន
ប្រាសាទភ្នំព្រះលាន មានទីតាំងស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ប្រាសាទនេះ មានចម្ងាយប្រហែល២៥គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ ប្រាសាទនេះស្ថិតលើកូនភ្នំមួយ មានកម្ពស់ប្រហែល១៥០ម៉ែត្រ នៅជិតផ្លូវជាតិលេខ៦២។ ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។