Posted Date: 06/05/2023, Modified Date: 06/May/2023, Viewer: 1978202
ខេត្តបន្ទាយមានជ័យ ជាខេត្តមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅចុងពាយ័ព្យ នៃប្រទេសដែលមានសេដ្ឋកិច្ចយ៉ាងសំខាន់មួយរបស់ប្រទេសជាតិ។ ខេត្តនេះមាន ព្រំខេត្តជាប់ខេត្ត ឧត្តរមានជ័យ និង ខេត្តសៀមរាប នៅខាងកើត ខេត្តបាត់ដំបង នៅខាងត្បូង និងមានព្រំដែនរួមអន្តរជាតិជាមួយ ប្រទេសថៃ នៅខាងលិច។ ទីរួមខេត្ត និងទីក្រុងធំបង្អស់គឺ ក្រុងសិរីសោភ័ណ និងក្រុង ក្រុងប៉ោយប៉ែត ។ ខេត្តបន្ទាយមានជ័យ គឺជាខេត្តធំបង្អស់ទី១៣ នៃព្រះរាជាណាចក្រកម្ពុជា។ ដោយមានប្រជាជន ៦៧៨០៣៣ នាក់ វាជាប់លេខជាខេត្តធំទី១០ ប្រចាំប្រទេស។ ខេត្តនេះមានក្រុងចំនួនពីរ គឺក្រុងសិរីសោភណ្ឌ និងក្រុងប៉ោយប៉ែត នៅប៉ែកខាងលិច នៃខេត្ត គឺជាព្រំដែនអន្តរជាតិ ឆ្លងចូលទៅប្រទេសថៃ។ បន្ទាយមានជ័យ គឺជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំបួន ដែលជាប៉ែកភាគនៃដែនជំរកជីវមណ្ឌលទន្លេសាប។
លក្ខណៈទូទៅ
ឋិតនៅចម្ងាយ៣៥៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥ និងមានទីតាំងជាប់នឹងព្រំប្រទល់ ខេត្តបាត់ដំបង ឧត្ដរមានជ័យ សៀមរាប និងព្រំប្រទល់ថៃ ខេត្តបន្ទាយមានជ័យ កំពុងទទួលបានភ្ញៀវទេសចរណ៍ យ៉ាងកុះករតាមរយៈកាស៊ីណូខ្នាតអន្តរជាតិមួយ ដែលកំពុងបើកឱ្យមានការចូលលេង កម្សាន្តទាំងយប់ទាំងថ្ងៃ។ តំបន់កាស៊ីណូនេះ ក៏មានរៀបចំជាផ្នែកផ្សេងទៀត ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ផ្សារលក់ឥវ៉ាន់ផងដែរ។ ភ្ញៀវដែលទៅកម្សាន្តនៅទីនោះ ភាគច្រើនមកពីប្រទេសថៃ ឯភ្ញៀវជនជាតិផ្សេងទៀត ពុំសូវមាននោះទេ។ បើចំពោះជនជាតិខ្មែរ ជាអ្នកទេសចរណ៍ សាមញ្ញវិញ ពួកគេច្រើន ទៅដើម្បីកម្សាន្តភ្នែកតែប៉ុណ្ណោះ ពុំសូវមានអ្នកដែលទៅដើម្បីប្រព្រឹត្ត ល្បែងស៊ីសងនោះឡើយ។ មិនមែនមានតែតំបន់កម្សាន្តច្រកព្រំដែន លក្ខណអន្តរជាតិប៉ោយប៉ែតប៉ុណ្ណោះទេ ដែលភ្ញៀវទេសចរណ៍ចាប់អារម្មណ៍នោះ ខេត្តបន្ទាយមានជ័យ នៅមានតំបន់កម្សាន្តមួយចំនួនទៀត ដែលបានទាក់ទាញ និងកំពុងអភិវឌ្ឍន៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទៀតផង។
តំបន់ទេសចរណ៍សក្តានុពល
ប្រាសាទបន្ទាយឆ្មារ
ប្រាសាទបន្ទាយឆ្មារ មានទីតាំងស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៦៩អា
ចម្ងាយប្រមាណ៤គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ ក្នុងស្រុកថ្មពួក តំបន់រមណីយដ្ឋាន ប្រវត្តិសាស្ត្រ ប្រាសាទបន្ទាយឆ្មារ បានកសាងឡើងដោយ ព្រះបាទជ័យវរ្ម័នទី៧ ក្នុងចន្លោះ សតវត្សទី១២ និង១។ តំបន់នេះត្រូវរងការបំផ្លិចបំផ្លាញ ដោយសារសង្គ្រាម ដែលបណ្ដាលឱ្យ ប្រាសាទមួយចំនួនធំ ត្រូវបាក់បែកខ្ទេចខ្ទី នៅសល់តែថ្មរាយប៉ាយពាសពេញដី មិនតែប៉ុណ្ណោះ នៅមានពួកចោរ បានលួចយករូបចម្លាក់ផ្សេងៗ ពីប្រាសាទទៅលក់ឱ្យឈ្មួញជនជាតិថៃទៀតផង។
ភាពល្បីល្បាញនៃប្រាសាទនេះ បានធ្វើឱ្យពីមួយថ្ងៃទៅមួយថ្ងៃ មានអ្នកទេសចរណ៍បរទេស ចូលទស្សនាកាន់តែច្រើនឡើងៗ
ដែលសក្ដានុពលនេះ បានធ្វើឱ្យអាជ្ញាធរគ្រប់គ្រងប្រាសាទ មានការចាប់អារម្មណ៍
ហើយព្យាយាមរៀបចំ បណ្ដាប្រាសាទដទៃទៀតនៅក្នុងខេត្ត ឱ្យកាន់តែគួរឱ្យទាក់ទាញ ជាមួយនឹងការជួសជុល
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ទេសចរណ៍ ក្នុងការទៅកម្សាន្ត។ ប្រាសាទដែលខេត្តនេះមាន គម្រោងរៀបចំជួសជុលលម្អឡើងវិញ មានដូចជា
ប្រាសាទបន្ទាយទ័ព ប្រាសាទព្រះឈរ ប្រាសាទប្រាំជាដើម[១]។
អាងទឹកកងវ៉ា
អាងទឹកនេះ មានទីតាំងស្ថិតនៅក្នុងស្រុកសិរីសោភ័ណ ចម្ងាយ៤គីឡូម៉ែត្រ ពីទីរួមខេត្ត កសាងឡើងក្នុងរបប ប៉ុលពត សម្រាប់យកទឹកប្រើប្រាស់ក្នុងការធ្វើស្រែចម្ការ។
ទេសចរណ៍អាចសប្បាយរីករាយ តាមរយៈសកម្មភាពផ្សេងៗដូចជា ការជិះទូក ការងូតទឹកបឹង
ការស្ទូចត្រីជាដើម។
ភ្នំបាក់ជញ្ជាំង
ភ្នំបាក់ជញ្ជាំងជារមណីយដ្ឋានវប្បធម៌ ឋិតក្នុង ក្រុងសិរីសោភ័ណ តាមបណ្តោយផ្លូវជាតិលេខ៥ ចម្ងាយ៥គីឡូ
ម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ។ ទីនេះមានភ្នំពីរឈរក្បែរគ្នា
ដែលមានផ្ទាំងថ្មធំៗបញ្ឈរ ដែលមើលទៅដូចជាជញ្ជាំង អ្វីមួយ។ មានរូងមួយជម្រៅ១២ម៉ែត្រ អាចឱ្យភ្ញៀវទេសចរណ៍ ចុះទៅកំសាន្តបានផងដែរ។
ប្រវត្តិ
តំបន់នេះ ជាផ្នែកមួយនៃអាណាចក្រខ្មែរ ដោយសារនៅភាគខាងជើងខេត្ត គេឃើញមានប្រាសាទបន្ទាយឆ្មារ ដែលគេជឿថាត្រូវបានសាងឡើង នៅរវាងសតវត្សទី១២ និង
សតវត្សរ៍ទី១៣។ ប្រាសាទដែលគេស្គាល់តិចតួចជាងគេគឺ ប្រាសាទបន្ទាយនាង និង ប្រាសាទបន្ទាយទ័ព។ នៅសតវត្សទី១៧ សៀមបានឈ្លានពានកាន់កាប់ប្រទេសកម្ពុជា
ហើយបានប្រែឈ្មោះខេត្តបន្ទាយមានជ័យ ជាខេត្តស៊ីសុផុន។ នៅឆ្នាំ១៩០៧
សៀមបានប្រគល់ខេត្តនេះ ទៅបារាំង ដែលក្រោយមក ត្រូវបានបញ្ចូល ជាដីខេត្តបាត់ដំបងវិញ។
នៅឆ្នាំ១៧៩៥ សៀមបានត្រួតត្រា លើព្រះរាជាណាចក្រកម្ពុជា ភាគខាងលិច ហើយបានធ្វើឱ្យតំបន់នោះក្លាយជា ខេត្តសៀម នៃកម្ពុជាភាគខាងក្នុង ដែលមានទីរដ្ឋបាល នៅព្រះដំបង ឬ ខេត្តបាត់ដំបង។
ខេត្តនេះ បានបន្តក្រោមការត្រួតត្រារបស់សៀម រហូតដល់ឆ្នាំ១៩០៧
នៅពេលនោះសៀមបានជួញប្រែ នៅខាងក្នុងកម្ពុជា ដើម្បីយកទំនិញ ត្រឡប់ទៅត្រាច
និង ដានជ័យវិញ។ ក្នុងឆ្នាំដដែល ព្រះបាទស៊ីសុវត្ថិ បានសំរេចព្រះទ័យបំបែកខេត្តកម្ពុជា ភាគខាងក្នុង ដែលត្រឡប់មកវិញ ទៅជាខេត្តបាត់ដំបង
(ដែលរួមមានសិរីសោភ័ណ) និងខេត្តសៀមរាប។ នៅគ្រាដែលថៃបានបញ្ចូលកម្ពុជា ប៉ែកខាងលិចជាទឹកដីរបស់ខ្លួនឡើងវិញ
នៅឆ្នាំ១៩៤១ សិរីសោភ័ណបានបំបែកចេញ ជាពីរខេត្ត បាត់ដំបង
និងមានទីរួមខេត្តរដ្ឋបាល នៅខេត្តវិបុលសង្គ្រាម ដែលបានបន្តរហូតដល់ឆ្នាំ១៩៤៦
នៅពេលដែលតំបន់នោះទាំងស្រុង បានបង្វែរត្រឡប់មកក្រោមការគ្រប់គ្រងរបស់បារាំង។
នៅចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៨០ ខេត្តបន្ទាយមានជ័យ គឺជាខ្សែត្រៀមជួរមុខ ក្នុងការប្រយុទ្ធគ្នាជាច្រើន
ហើយសង្គ្រាម បានធ្វើឱ្យវាក្លាយជាខេត្តមួយក្នុងចំណោមខេត្តទាំងបី ដែលសម្បូរគ្រាប់មីនជាងគេបង្អស់ក្នុងប្រទេសកម្ពុជា រួមជាមួយនឹងខេត្តប៉ៃលិន
និងបាត់ដំបង។[២]
នៅឆ្នាំ១៩៨៨ ខេត្តបន្ទាយមានជ័យ ត្រូវបានបំបែកចេញពីខេត្តបាត់ដំបង ដោយមានស្រុកដំបូង៥ គឺស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក។
រដ្ឋបាល
ខេត្តបន្ទាយមានជ័យ ស្ថិតនៅ ប្រទេសកម្ពុជា មាន ៧ ស្រុក និង ២ ក្រុង÷
លេខកូដឃុំ |
ឈ្មោះស្រុក និងក្រុងជាអក្សរខ្មែរ |
ឈ្មោះស្រុក និងក្រុងជាអក្សរឡាតាំង |
ចំនួនឃុំ |
១០២ |
ស្រុកមង្គលបូរី |
MONGKOL BOREI |
១៣ |
១០៣ |
ស្រុកភ្នំស្រុក |
PHNOM SRUK |
៦ |
១០៤ |
ស្រុកព្រះនេត្រព្រះ |
PREAH NETH PREAH |
៩ |
១០៥ |
ស្រុកអូរជ្រៅ |
OU CHROV |
៧ |
១០៦ |
ក្រុងសិរីសោភ័ណ |
SEREI SAOPHOAN |
៧ |
១០៧ |
ស្រុកថ្មពួក |
THMOR PUOK |
៦ |
១០៨ |
ស្រុកស្វាយចេក |
SVAY CHEK |
៨ |
១០៩ |
ស្រុកម៉ាឡៃ |
MALAI |
៦ |
១១០ |
ក្រុងប៉ោយប៉ែត |
POI PET |
៣ |
ក្រុង/ស្រុកចំនួន ៩ ស្រុក |
៥៦ ឃុំ |
រដ្ឋបាលខេត្តអតីតកាល
· ខេត្តបន្ទាយមានជ័យ មាន ១ ក្រុង និង ៧ ស្រុក÷
· ក្រុងសិរីសោភ័ណ
· ស្រុកមង្គលបុរី
· ស្រុកភ្នំស្រុក
· ស្រុកព្រះនេត្រព្រះ
· ស្រុកអូរជ្រៅ
· ស្រុកថ្មពួក
· ស្រុកស្វាយចេក
· ស្រុកម៉ាឡៃ